(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានទទួលជួបគណៈប្រតិភូ បញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ ដើម្បីបន្តពង្រឹង និងបង្កើនចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ នៃកងទ័ពប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសំដែងកិច្ចស្វាគមន៍ចំពោះមេបញ្ជាការ នៃបញ្ជាកាដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅទឹកដីនៃប្រទេសកម្ពុជានាពេលនេះ។
មេបញ្ជាការកងទ័ពជើងគោក បានចាត់ទុកថា តាមរយៈដំណើរទស្សនកិច្ចនេះ បាននាំកមនូវទំនាក់ទំនងល្អ រវាងរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក បញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ ពីសភាពការណ៍នយោបាយនៅកម្ពុជា ពិសេសក្រោយការបោះឆ្នោតសកល អាណត្តិទី៦ នៃរដ្ឋសភា កម្ពុជាបានបង្កើតថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី ហើយកងយោធពលខេមរភូមិន្ទ ក៏បានធ្វើការកែរទម្រង់ជាបន្តបន្ទាប់ដើម្បីបង្រឹងប្រៀបការពារជាតិ។ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់បញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ ដែលកន្លងមកបានជួយបណ្ដុះបណ្តាលដល់នាយ-ពលទាហាន នៃកងយោធពលខេមរភូមិន្ទ មានលទ្ធភាព សមត្ថភាព គ្រប់គ្រាន់ក្នុងបំពេញភារកិច្ចការពារបូរណភាពទឹកដីបានរឹងមាំ។
មេបញ្ជាការកងទ័ពជើងគោក ក៏បានស្នើរសុំភាគីថៃ បន្តជួយផ្តល់ឆ័ត្រសម្រាប់ការហ្វឹកហ្វឺនលោតឆ័ត្រយោង របស់កងពលតូចពិសេសឆ័ត្រយោង៩១១ និងបន្តទទួលយកនាយ ពលទាហានកម្ពុជា ក្នុងការបណ្តុះបណ្តាលើជំនាញផ្សេងៗផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក SUNAI PRAPHUCHANAY បានសំដែងក្តីសោមនស្សរីករាយ ចំពោះបដិសណ្ឋារកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាពេលនេះ ដែលបង្ហាញការភ្ជាប់ចំណងមិត្តភាព សាមគ្គីភាពកាន់តែល្អរវាងកងទ័ព និងប្រជាជននៃប្រទេសយើងទាំងពីរ។
ឧត្តមសេនីយ៍ឯក SUNAI PRAPHUCHANAY បានអបអរសាទរកម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ទទួលបានលទ្ធផលល្អប្រសើរ និងបានអបអរសាទរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងមុខងារជាមេបញ្ជាការកងទ័ពជើងគោក។
មេបញ្ជាការ នៃបញ្ជាការដ្ឋានសង្គ្រាមពិសេសថៃរូបនេះ ក៏បានគូសបញ្ជាក់តួនាទី ភារកិច្ចរបស់បញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ មានតួនាទី ប្រឆាំងអំពើរភេរវកម្ម ឆ្លងដែន រក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ ជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ និងវិស័យមនុស្សធម៍ជាដើម។ រីឯរចនាសម្ព័នចាត់តាំងគឺមានលក្ខណប្រហាក់ប្រហែលបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មកម្ពុជាដែរ។
មេបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ បានបន្ថែមទៀតថា កងទ័ពប្រទេសទាំងពីរត្រូវបន្តសហការធ្វើការរួមគ្នា តាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងអំពើរភារវកម្មឆ្លងដែន និងបង្កើននូវបរិយាកាសល្អប្រសើរ តាមខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋប្រទេសទាំងពីរ មានក្តីរីករាយក្នុងការប្រកបរបរចិញ្ចឹមជីវិតបង្កើនជីវភាព និងរួមចំណែកបង្កើននូវសេដ្ឋកិច្ចជាតិ និងបន្តពង្រឹង និងបង្កើនចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ៕