(ភ្នំពេញ)៖ ករណីផ្ទុះអាវុធចំនួន៣គ្រាប់ នៅវេលាម៉ោង០៧៖២០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតនៅបុរីចាន់សម្បត្តិ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ផ្ដើមចេញពីក្រុមក្មេងទំនើងផឹកស៊ីឈ្លោះគ្នា ហើយពលរដ្ឋចូលទៅឃាត់តែក្មេងទំនើងមិនស្ដាប់ ក៏សម្រេចចិត្តផ្ទុះអាវុធតែម្ដង។
របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា អ្នកបាញ់កាំភ្លើងមួយចំនួន៣គ្រាប់ ដើម្បីបំបែកសកម្មភាពឈ្លោះគ្នានេះ មានឈ្មោះ អ៊ឹម សុថា ជាមន្ដ្រីយោធា ឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) អាយុ៤៨ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ដើមចមដែលនាំឲ្យមានការផ្ទុះអាវុធនេះ គឺផ្ដើមចេញពីក្រុមក្មេងទំនើងមួយក្រុមបានផឹកស៊ី ស្រាប់តែឈ្លោះគ្នា ពេលនោះមន្ដ្រីយោធាខាងលើ បានចូលទៅឃាត់កុំឲ្យឈ្លោះគ្នា តែក្រុមក្មេងទំនើងទាំងនោះមិនស្ដាប់ បែរជាទាញកាំបិតកាប់មន្ដ្រីយោធាបណ្ដាលឲ្យរងរបួសដៃ ភ្លាមនោះជនរងគ្រោះជាមន្ដ្រីយោធា បានបង្ខំចិត្តដកកាំភ្លើងម៉ាក រ៉ូឡូ នៅចង្កេះបាញ់ឡើងលើចំនួន៣គ្រាប់ ដើម្បីបំបែកតែម្ដង តែមិនបណ្ដាលឲ្យត្រូវពលរដ្ឋណាម្នាក់ឡើយ។
ក្រោយកើតហេតុទាំងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើអន្ដរាគមន៍ និងបានដកហូតកាំភ្លើងរបស់លោកឧត្តមសេនីយ៍យោធាជាបណ្ដោះអាសន្ន ដើម្បីចាត់ការបន្ដតាមនីតិវិធីផងដែរ៕