(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅស្រុកស្រីសន្ធរ ក្រោយមានការឯកភាពពី លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយពីទទួលបានពត៌មានអំពី បទល្មើសនេសាទខុសច្បាប់ លោកបានចាត់បញ្ជា អធិការនគរបាលស្រុកស្រីសន្ធរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក និងស្វាយខ្សាច់ភ្នំ និងកម្លាំងជំនាញរដ្ឋបាលជលផលខេត្តកំពង់ចាម ដឹកនាំដោយលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក ដោយមានការចង្អុលបង្ហាញពីលោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចឃុំកោះអណ្តែត, បារាយណ៍ និងប្រាំយ៉ាម ស្រុកស្រីសន្ធរ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលកម្លាំងជំនាញដកហូតបាន លូស្បៃមុង ចំនួន៩៤មាត់, របាំងព្រួល ប្រវែង៤,៧០៥ម៉ែត្រ
និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិ ចំនួន៤៣៤គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាង បានសហការដុតបំផ្លាញចោលនៅនឹងកន្លែង ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕