(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ី បានប្រកាសថា នឹងលែងឲ្យមានការឆែកឆេរផ្ទាល់ទៅលើ ខ្លួនប្រាណអ្នកដំណើរទៀតហើយ នៅឯអាកាសយានដ្ឋានអន្តរជាតិគួឡាំឡាំពួ (KLIA) នាឆ្នាំ២០១៩។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។
រដ្ឋមន្រ្តីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke Siew បានឲ្យដឹងថា ការឆែកឆេរលើខ្លួនប្រាណអ្នកដំណើរ ដែលត្រូវឡើងយន្តហោះ លែងជារឿងចាំបាច់ទៀតហើយ ដោយសារគម្រោងនៃការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធម៉ាស៊ីនកាំរស្មីអ៊ិចថ្មីដ៏ទំនើប រួមជាមួយនិងម៉ាស៊ីនស្គែនដ៏មានប្រសិទ្ធភាព។
គួរជម្រាបថា បើតាមលោក Siew យ៉ាងយូរត្រឹមពាក់កណ្តាលឆ្នាំក្រោយនេះ មន្រ្តីសន្តិសុខប្រចាំអាកាសយានដ្ឋាន KLIA នឹងលែងត្រូវធ្វើការឆែកឆេរដោយផ្ទាល់លើខ្លួនប្រាណអ្នកដំណើរនៃជើងហោះហើរទៀតហើយ ដូច្នេះនឹងពុំមានការប៉ះពាល់ផ្ទាល់ទៅលើអ្នកដំណើរទៀតនោះទេ ពីព្រោះថាមនុស្សជាច្រើន មិនសូវជាមានអាម្មណ៍ល្អប៉ុន្មានឡើយ ក្នុងការឆ្លងកាត់ការឆែរឆេរខ្លួនប្រាណ នៅឯអាកាសយានដ្ឋាន ប៉ុន្តែវាគឺជាគោលការណ៍ផ្នែកសន្តិសុខមិនអាចរំលងបាន៕