(ភ្នំពេញ)៖ មន្ត្រីនគរបាលប៉ុស្តិ៍កាកាប១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលដួលដាច់សរសៃឈាម ស្លាប់គួរឲ្យអាណោចអាធ័ម ខណៈកំពុងចុះអនុវត្តន៍ និងសម្រួលចរាចរណ៍ចផ្លូវគោក ក្នុងខណ្ឌពោធិ៍សែនជ័យ ទទួលបានថវិកាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងថ្នាក់ដឹកនាំផ្សេងទៀត ប្រមាណជាង១០លានរៀល។
ថវិកាទាំងអស់នោះ ត្រូវបានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងពេលលោកចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ លោកអនុសេនីយ៍ទោ នៅ បូរិន អាយុ៥០ឆ្នាំ មានតួនាទីជាមន្រ្តីនគរបាលទទួល បន្ទុកផ្នែកចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ នៅផ្ទះស្ថិតក្នុងភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ថវិកាដែលត្រូវបានយកទៅប្រគល់ជូនក្រុមគ្រួសារសពនោះ រួមមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលថវិកាចំនួន១០លានរៀល, លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ១លានរៀល និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ២លានរៀល និងថវិកាផ្ទាល់ខ្លួន១លានរៀល។
សូមជម្រាបថា លោកអនុសេនីយ៍ទោ នៅ បូរិន ជាមន្ត្រីនគរបាលប៉ុស្តិ៍កាកាប១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានដួលដាច់សរសៃឈាម ស្លាប់គួរឲ្យអាណោចអាធ័ម ខណៈកំពុងចុះអនុវត្តន៍ និងសម្រួលចរាចរណ៍ចផ្លូវគោក ក្នុងខណ្ឌពោធិ៍សែនជ័យ តាមបទបញ្ជាពីឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ដែលស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕