(ភ្នំពេញ)៖ សាលាប៊ែលធីអន្តរជាតិ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ បានប្រារព្ធពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សាលាប៊ែលធីអន្តរជាតិ ឆ្នាំ២០១៨ (BELTEI CHAMPIONS TROPHY 2018) ដែលមានក្រុមប្រកួត U-13 ចំនួន១៨ក្រុម និងក្រុម U-16 ចំនួន១៦ក្រុម មកពីសាលាប៊ែលធីទាំង១៨សាខា និងមានសិស្សានុសិស្សចូលរួមគាំទ្រជាង៥ពាន់នាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធីគ្រុប និងលោកស្រី។
អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា លោក លី ប៊ុនឆៃ បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សាលាប៊ែលធីអន្តរជាតិ ឆ្នាំ២០១៨នេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ ក្នុងការពង្រឹងវិស័យកីឡាគ្រប់ប្រភេទ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់បញ្ចូលកម្មវិធីកីឡានេះទៅក្នុងកម្មវិធីសិក្សានៅទូទាំងប្រទេស។
លោក លី ប៊ុនឆៃ បានបន្តថា សាលាប៊ែលធីអន្តរជាតិបានបញ្ចូលកម្មវិធីកីឡា ៤ប្រភេទ រួមមាន៖
១៖ អប់រំកាយសម្រាប់សិស្សថ្នាក់ទី១-៦។
២៖ កីឡាតៃក្វាន់ដូសម្រាប់សិស្សថ្នាក់ទី៧ និង៨។
៣៖ កីឡា Futsal (U-13) សម្រាប់សិស្សថ្នាក់ទី៧ ទី៨។
៤៖ កីឡា Futsal (U-16) សម្រាប់សិស្សថ្នាក់ទី១០ និង១១។
ក្រុមកីឡាករដែលទទួលបានជ័យលាភីជើងឯក ពានរង្វាន់សាលាប៊ែលធីអន្តរជាតិ ឆ្នាំ២០១៨ ចែកចេញជា២ក្រុម គឺក្រុម U-13 និងក្រុម U-16 នឹងទទួលរង្វាន់ ដូចខាងក្រោម៖
១៖ ក្រុមជើងឯក (The Winner) ទទួលបានពានរង្វាន់ជើងឯកសាលាប៊ែលធីអន្តរជាតិ, មេដាយមាស និងថវិកាចំនួន ៣លានរៀល។
២៖ ក្រុមជើងឯករង (Runner-up) ទទួលបានមេដាយប្រាក់ និងថវិកាចំនួន ២លានរៀល។
៣៖ ក្រុមលេខ៣ ទទួលបានមេដាយសំរឹទ្ធិ និងថវិកាចំនួន ១លានរៀល។
៤៖ ក្រុមគំរូ (Fair Play Team) ទទួលបានថវិកាចំនួន ៥០ម៉ឺនរៀល។
ចំណែកឯក្រុមកីឡាករទាំង២៦ក្រុមផ្សេងទៀត ដែលមិនបានជាប់ជ័យលាភី និងក្រុមជើងឯករដូវកាលមុន ក៏ទទួលបានថវិកាលើកទឹកចិត្តពីលោកបណ្ឌិត លី ឆេង ចំនួន២០ម៉ឺនរៀល ក្នុងមួយក្រុមៗផងដែរ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត លី ឆេង បានណែនាំដល់សិស្សានុសិស្សទាំងអស់ ឲ្យត្រូវខិតខំរៀនសូត្រនៅសាលាឲ្យបានទៀងទាត់ និងឆ្លៀតពេលទំនេររបស់ខ្លួនទៅហាត់កីឡា ដើម្បីបង្កើនថាមពលរឹងមាំ និងនាំមកនូវសុខភាពល្អ ក៏ដូចជាបង្កើននូវភាពស្និទ្ធស្នាលរវាងមិត្តភក្តិ សិស្សានុសិស្សរៀនជាមួយគ្នា និងក៏ជាផ្នែកមួយដែលធ្វើឲ្យសង្គមជាតិពោរពេញទៅដោយធនធានមនុស្សល្អៗ ព្រមទាំងដើម្បីជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិទៀតផង។
លោកបណ្ឌិតក៏បានកោតសរសើរចំពោះក្រុមកីឡាករទាំង១៨សាខា ដែលបានប្រកួតជាមួយគ្នា តាមលក្ខណៈបច្ចេកទេស សីលធម៌ យុត្ដិធម៌ និងប្រកបដោយឆន្ទៈមុតមាំ ហើយចេះគោរពដៃគូប្រកួតរបស់ខ្លួន ព្រោះការប្រកួតនេះជាលក្ខណៈគ្រួសារប៊ែលធី បើទោះបីឈ្នះ ឬចាញ់ ក៏នៅតែជាគ្រួសារប៊ែលធីដែរ។
បន្ទាប់មក លោកប្រធានគណៈអធិបតីបានបំពាក់មេដាយប្រគល់ពាន និងរង្វាន់ដល់កីឡាករជ័យលាភី U-13 និង U-16 ទាំង២ក្រុមផងដែរ៕