(ព្រៃវែង)៖ លោក វង សូត ប្រធានក្រុមការងារចុះជួយឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្តការងារ ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ព្រោះលទ្ធផលដែលយើងទទួលបាន ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គឺបង្ហាញថា ប្រជាជនយ៉ាងច្រើនលើសលុបបាន ផ្តល់សេចក្តីទុកចិត្តមកលើ គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិឲ្យមានការ អភិវឌ្ឍន៍លើគ្រប់វិស័យបន្តទៀត។
ការជម្រុញរបស់លោក វង សូត គឺបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិការ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ប្រមាណជាង១១០០នាក់ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ថ្លែងទៅកាន់សមាជិកបក្សនាឱកាសនោះ លោក វង សូត បានថ្លែងអំណរអរគុណ ដល់ប្រជាពលរដ្ឋទាំងអស់ ដែល ផ្តល់សេចក្តីទុកចិត្តមកលើរាជរដ្ឋាភិបាល នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងភាពរីកចម្រើន លើគ្រប់វិស័យ ពិសេសស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ ក្នុងនោះ ប្រទេសកម្ពុជាសម្រេចបាននូវគ្រឹះលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្ស បានយ៉ាងពេញលេញ ផ្ទុយពីក្រុមមនុស្សមួយចំនួនដែល បានដើរនិយាយរិ៖គន់មួលបង្កាច់តែប្រជាជន និងប្រទេសជាតិខ្លួនឯង។
លោកបានលើកឡើងថា លទ្ធផលនៃការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា គឺជាការបន្តការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនខ្លាំង ឡើងថែមទៀត។ ជាមួយគ្នានោះឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះសមាជិកថ្នាក់ មូលដ្ឋានដែលបានខិតខំប្រឹងប្រែងស្វែងរកការគាំទ្រ ពីប្រជាពលរដ្ឋរហូតទទួលបានជោគជ័យ ដូចពេលនេះ។ ការជោគជ័យនេះ មិនត្រូវឲ្យ ប្រជាពលរដ្ឋអស់ជំនឿវិញនោះទេ គឺត្រូវបន្តយក ចិត្តទុកដាក់បំពេញតម្រូវការចាំបាច់របស់ពួគគាត់ដែលជាម្ចាស់ឆ្នោត ពោលគឺអ្វីដែលយើង បានសន្យាត្រូវតែធ្វើ និងបន្តប្រមូលអ្វីដែលជាតម្រូវការចាំបាច់ថ្មីៗរបស់ពួកគាត់មកដោះស្រាយឲ្យទាន់ពេលវេលាមិនត្រូវឲ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់នោះទេ ។
លោក វង សូត បានផ្ដាំផ្ញើដល់ក្រុមការងារ និងមន្ត្រីដឹកនាំគណបក្សស្រុក ឃុំ ភូមិ និងក្រុមបក្ស ត្រូវក្ដាប់ឲ្យជាប់នូវមេរៀន និងបទពិសោធន៍ ដែលបានសរុបក្នុងរបាយការណ៍ខាងលើ អ្វីជាចំណុចខ្លាំង ផ្ដល់ផលល្អ ត្រូវខិតខំបន្ដ ពង្រឹងពង្រីកបន្ថែមទៀត និងអនុវត្តឱ្យបានល្អប្រសើរ ប្រកបដោយភាពបត់បែន និងរស់រវើកទៅតាមកាលៈទេសៈ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាសមាជិករបស់យើងមកលើគណបក្ស ធ្វើយ៉ាងណាទាក់ទាញ សមានចិត្តគាំទ្រ និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី ៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ខាងមុខ បន្ថែមទៀត៕