(ភ្នំពេញ)៖ បន្ទាប់ពីមានសេរីភាពវិញ ក្រោយជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ១០ថ្ងៃ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានធ្វើការរិះគន់ខ្លាំងៗ និងហែកកេរ្តិ៍រឿងទៅលើលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាថា ជាទូតអន់ជាប្រទេសដទៃ មិនបានបំពេញកាតព្វកិច្ច មើលការខុសត្រូវ ការពារពលរដ្ឋអាមេរិក និងពិសេសមិនបានផ្តល់សេវាកក់ក្តៅឲ្យពលរដ្ឋអាមេរិកដែលជាប់ពន្ធនាគារនោះទេ។
លោក សួន សេរីរដ្ឋា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅក្នុងកិច្ចសម្ភាសន៍ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះយ៉ាងដូច្នេះថា៖ «ក្នុងពេលបំពេញការងារបេសកម្ម ការទូតនៅក្នុងប្រទេសខ្មែរ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសខ្មែរ មិនបានបំពេញកាតព្វកិច្ចមើលការខុសត្រូវ ការពារពលរដ្ឋអាមេរិក និងពិសេសមិនបានផ្តល់សេវាកក់ក្តៅ ឲ្យពលរដ្ឋអាមេរិក ដែលជាប់ពន្ធនាគាទេ។ លោកឯកអគ្គរដ្ឋទូតរវល់ខ្វល់ខ្វាយ សប្បាយតែជាមួយនឹងគ្រួសារខាងប្រពន្ធ ដើរបង់សំណាញ់ ដើរលេងចំការ ដើរច្រៀងរាំសប្បាយ ជាមួយនឹងប្រពន្ធ និងសាច់ញ្ញាត្តិតែប៉ុណ្ណឹង»។
លោកបានបញ្ជាក់ថា «គោលការណ៍ 3-Pro គឺ Protection, Providing និង Protest for US Citizens គឺអគ្គរដ្ឋទូត និងស្ថានទូតអាមេរិក នៅកម្ពុជា មិនដែលបានបំពេញសូម្បីតែមួយចំណុច ។ ក្នុងពន្ធនាគាព្រៃស តែមួយមានពលរដ្ឋអាមេរិកាំង រួមទាំង Naturalized Citizens និង Native Citizens ជាប់ឃុំជាច្រើននាក់ ដែលពួកគេភាគច្រើនមិនចេះភាសាខ្មែរទេ ហើយពិបាកក្នុងការទំនាក់ទំនង ជាមួយអ្នកជាប់ឃុំផ្សេងទៀត តែមន្ត្រីស្ថានទូត ទៅជួប៦ខែ ម្តង សួរមួយម៉ាត់ ឬពីរម៉ាត់ រួចឲ្យថ្នាំដុសធ្មេញតែមួយកូនដបតូច និងច្រាសដុសធ្មេញមួយ ហើយចេញបាត់»។
«ករណីសិក្សាមួយ Mr. Brian អតីតប្រធានក្រុមហ៊ុនយន្តហោះអេឡេកូល មករកស៊ីនៅកម្ពុជា ខ្ញុំមិនដឹងថាគាត់ជាប់ទោសរឿងអីទេ តែគាត់បែរជាធ្លាក់ខ្លួនអស់លុយ ហើយរស់នៅក្នុងពន្ធនាគាជាទាសកររបស់អ្នកទោសដូចគ្នា ដែលមានថ្ងៃខ្លះចេញធ្វើការក្រៅ ចូលវិញអស់បាយ អស់ម្ហូបញ៉ាំ និងជួនកាលត្រូវអ្នកទោសដូចគ្នាវាយធ្វើបាប គ្មានទំនាក់ទំនងសាច់ញាត្តិ ហើយរស់នៅចាំតែអ្នកទោសដូចគ្នាអាណិតឲ្យចំណីញ៉ាំ ឲ្យលុយទិញកាហ្វេផឹក» នេះបើយោងតាមលោក សួន សេរីរដ្ឋា បញ្ជាក់បន្ថែម។
អតីតប្រធានគណបក្សអំណាចខ្មែរដដែលរូបនោះបានអះអាងទៀតថា «ចំពោះខ្ញុំជាពលរដ្ឋខ្មែរអាមេរិកាំង និងពលរដ្ឋខ្មែរអាមេរិកាំង ផ្សេងទៀតដែលជាប់ឃុំ គឺពួកយើងចេះភាសាខ្មែរ និងមានគ្រួសារប្រពន្ធកូនទៅមើលយកចំណីបាយឲ្យញ៉ាំ។ តែកូនតូចៗរបស់ខ្ញុំ ដែលជាក្មេងសញ្ជាតិអាមេរិកាំងរស់នៅខាងក្រៅនោះ ស្ថានទូតអាមេរិក មិនដែលយកចិត្តទុកដាក់ សួរសុខទុក្ខ ឬផ្តល់សេវាអ្វីមួយឲ្យកក់ក្តៅទេ»។
«ទូតអាមេរិកនៅស្រុកខ្មែរ ធ្វើតែរឿងដែលមិនត្រូវធ្វើ ដែលខុសផ្ទុយពីគោលនយោបាយរបស់ប្រធានាធិបតី។ ទូតអាមេរិកក្នុងអាណត្តិ William A. Heidt ការងារអន់បំផុត គឺអន់ជាង ទូតថៃ ទូតឥណ្ឌា ទូតបង់ក្លាដែស ទូតចិន ទូតយួន ដែលគេទៅមើលពលរដ្ឋសញ្ជាតិគេជាប់ឃុំ យកដុកទ័រទៅឆែកមើលសុខភាព រាល់ខែ និងផ្តល់ថ្នាំពេទ្យជួយទាក់ទងគ្រួសារ យកថវិកា គ្រួសារឲ្យជនជាតិសញ្ជាតិគេដោះស្រាយជីវភាពក្នុងពន្ធនាគារ។ តែទូតអាមេរិកាំង គឺ Zero ព្រោះឯកអគ្គរដ្ឋទូតរវល់តែភ្លើតភ្លើនសប្បាយ ជាមួយប្រពន្ធដូចសត្វមមាច»។
សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់លើកលែងទោសឲ្យ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ តាមសំណើរទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក សួន សេរីរដ្ឋា ត្រូវបានតុលាការសម្រេចប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និង ពិន័យជាប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធការប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជា។
លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់បានសរសេរបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុក ប្រមាថមើលងាយធ្វើឲ្យ ប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំប្រទេសជាតិ ពិសេសស្ថាប័នកងយោធពលខេមរភូមិន្ទទាំងមូល នូវព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង៕