(បាត់ដំបង)៖ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ លោក កុល វីរក្ស ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកសង្កែ ខេត្តបាត់ដំបង ប្រធានក្រុមការងារចុះជួយឃុំតាប៉ុន និងសហការី បានចុះថ្លែងអំណរគុណដល់សកម្មជនបក្សឃុំ និងប្រជាពលរដ្ឋក្នុងឃុំតាប៉ុនទាំងអស់ ក្រោយពេលជាប់ឆ្នោត និងបន្តចុះពិនិត្យមើលក្រុមជាងសាងសង់អគារសិក្សា១ខ្នងនៅអនុវិទ្យាល័យស្វាយស ដែលនឹងត្រូវបានប្រគល់ដាក់ឲ្យប្រើប្រាស់នាពេលខាងមុខនេះ។

លោក កុល វីរក្ស បានថ្លែងថា ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ និងជាក្រុមការងារចុះជួយឃុំតាប៉ុន សូមថ្លែងអំណរគុណដែលប្រជាពលរដ្ឋ នៅក្នុងឃុំទាំងអស់ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា បានទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦កន្លងទៅនេះ ដើម្បីផ្តល់ឳកាសឲ្យបក្ស CPP ដែលមានសម្តេចជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីអណត្តិទី៦ថ្មីបន្តទៀត សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចំរើនបន្ថែមទៀត។

លោកប្រធានបានបញ្ជាក់ថា ទន្ទឹមនឹងការទទួលជ័យជំនះនេះ លោកបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេចជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចសូមថ្លែងអំណរគុណយ៉ាងខ្លាំងដែលប្រជាពលរដ្ឋយើង ផ្តល់សេចក្តីទុកចិត្តភ្លូកទឹកភ្លូកដីលើសលុបបោះឆ្នោតជូនគណបក្សប្រជាជនដឹកនាំប្រទេសបន្តទៀត។

ដើម្បីតបស្នងទៅនឹងម្ចាស់ឆ្នោតថ្នាក់ដឹកនាំបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ ប្តេជ្ញាបំរើប្រជាពលរដ្ឋយើងអោយបានល្អប្រសើ តាមរយៈសេវាសាធារណៈលើគ្រប់វិស័យ ដោះស្រាយបញ្ហាផ្សេងៗ
និងបន្តអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំកាន់តែរីកចំរើនជាងមុនថែមទៀត។

នាឱកាសនោះ លោកប្រធានក្រុមការងារបានផ្តល់រង្វាន់លើកទឹកចិត្ត ជូនសកម្មជនបក្សក្នុងឃុំទាំងអស់សរុបជាង៥០នាក់ ដែលពួកគាត់បានខិតខំប្រឹងប្រែងធ្វើកិច្ចការបានជោគជ័យ ក្នុងការងារបោះឆ្នោតកន្លងទៅ។

ឆ្លៀតឱកាសនោះ លោកប្រធានក្រុមការងារបានដឹកនាំសហការីទាំងអស់បានចុះទៅពិនិត្យការសាងសង់អគារសិក្សា១ខ្នង ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង គឺធ្វើជិតរួចនិងត្រូវបានប្រគល់ដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះផងដែរ៕