(បាត់ដំបង)៖ លោក អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញពិធីសំណេះសំណាល អបអរសាទរជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សស្រុកមោងឫស្សី ដែលទទួលបានជយលាភី ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨។
ក្នុងពិធីដែលបានធ្វើនៅវិទ្យាល័យមោងឫស្សីនេះ ក៏មានការចូលរួមពីគណៈគ្រប់គ្រងវិទ្យាល័យ សិស្សានុសិស្សជ័យលាភី និងក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមោងឫស្សី សរុបប្រមាណ៦០០នាក់។
ថ្លែងក្នុងឱកាសនោះ លោក អង្គ វង្ស វឌ្ឍានា បានសម្តែងនូវអំណរសាទរ និងការកោតសរសើរចំពោះសិស្សានុសិស្ស ដែលទទួលបានជោគជ័យក្នុងការប្រឡង ទាំង៤៦៦នាក់ ព្រមទាំងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាគណៈគ្រប់គ្រងសាលាដែលបានយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស ឲ្យក្លាយជាទំពាំងស្នងឬស្សី និងរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឲ្យកាន់មានគុណភាពខ្ពស់ជាលំដាប់។
ដើម្បីចូលរួមចំណែកក្នុងការអបអរសាទរ និងលើកទឹកចិត្តសិស្សានុសិស្ស លោកប្រធានក្រុមការងារ បានផ្តល់នូវថវិកា និងវត្ថុអនុស្សាវរីយ៍ដល់សិស្សានុសិស្ស និងគណៈគ្រប់គ្រងសាលា ដែលក្នុងនោះសិស្សនិទ្ទេស B ម្នាក់ៗ ទទួលបាននូវ Tablet Galaxy A មួយគ្រឿង ថវិកាចំនួន២០ម៉ឺនរៀល និងសម្ភារសិក្សាផ្សេងៗទៀត។
ជាមួយគ្នានេះ លោក អង្គ រង្ស វឌ្ឍានា ក៏បានគូសបញ្ជាក់ផងដែរថា ក្រុមការងារនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងគណៈគ្រប់គ្រងសាលា ក្នុងការរៀបចំនូវ «វគ្គតម្រង់ទិសការសិក្សា» សម្រាប់សិស្សានុសិស្សនៅពេលឆាប់ៗខាងមុខនេះ ដើម្បីចែករំលែកនូវបទពិសោធន៍ ក៏ដូចជាព័ត៌មាននានា ដល់សិស្សានុសិស្ស ក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ក្នុងការជ្រើសរើសមុខជំនាញថ្នាក់ឧត្តមសិក្សា ស្របតាមចំណង់ចំណូលចិត្ត ទីផ្សារការងារ និងទិសដៅវិជ្ជាជីវៈរបស់សិស្សម្នាក់ៗ។
ជាចុងក្រោយ លោកក៏បានលើកទឹកចិត្តឲ្យសិស្សានុសិស្សទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលជោគជ័យក្នុងការសិក្សា លើកកម្ពស់កិត្តិយសគ្រួសារ និងក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល ដែលអាចចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសង្គមជាតិ ឆ្ពោះទៅរកវឌ្ឍនភាពជានិច្ច ស្របតាមបរិបទសមាហរណកម្មអាស៊ាន និងសាកលភាវូបនីយកម្ម។
លោក អង្គ វង្ស វឌ្ឍានា ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិ នៃគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកមោងឫស្សី តែងតែយកចិត្តទុកដាក់ខ្លាំង លើវិស័យអប់រំសិក្សាធិការ តាមរយៈការឆ្លៀតពេលវេលាដ៏មមាញឹក ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងរួមចំណែក ក្នុងការកសាងសាលារៀន និងការបរិច្ចាគនានា។ល។ គួរបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជា តែងតែរួមសុខទុក្ខជាមួយប្រជាជនខ្មែរ ជាដ៏រាបទោះក្នុងកាលទេសៈបែបណាក៏ដោយ ហើយគណបក្សប្រជាជន មិនដែលភ្លេចប្រជាជនឡើយ៕