(ឡុងប៊ិច,អាមេរិក)៖ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ផ្សេងទៀត ដែលកំពុងតែរស់នៅ បម្រើការងារទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក បានប្រកាសដូចៗគ្នាថា ពួកគាត់កំពុងត្រៀមខ្លួន និងទន្ទឹងរង់ចាំថ្ងៃកំណត់មកដល់ ដើម្បីទៅចាំទទួលស្វាគមន៍វត្តមានសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅញូវយ៉ក។
ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់ពេញចិត្តចំពោះសម្ដេចតេជោ ហ៊ុន សែន បានអះអាងដូចៗគ្នាថា ការទៅទទួលស្វាគមន៍វត្តមានសម្ដេចតេជោ ហ៊ុន សែន គឺជាការស្ម័គ្រចិត្តពោរពេញ ដោយក្ដីស្រលាញ់គាំទ្រ ដោយគ្មានការបង្ខិតបង្ខំ ឬទិញទឹកចិត្ត ដូចការចោទប្រកាន់របស់បុគ្គលមួយក្ដាប់តូច ដែលមាននិន្នាការប្រឆាំងនោះទេ ពោលពួកគាត់ចេញលុយខ្លួនឯងទាំងអស់ទាំងការធ្វើដំណើរ ហូបចុក និងស្នាក់នៅ។
ពួកគាត់បានថ្លែងយ៉ាងដូច្នេះថា «ពួកខ្ញុំមានចិត្តសប្បាយរីករាយ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកចូលរួមប្រជុំ ជាមួយអង្គការសហប្រជាជាតិ ចឹងពួកខ្ញុំដែលជាប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា គឺគាំទ្រសម្ដេចដែលលោកអញ្ជើញមកប្រជុំនៅញូវយ៉ក។ ខ្ញុំស្រលាញ់សម្ដេចតេជោ ព្រោះគាត់ជាមនុស្សល្អ ជាមនុស្សស្មោះត្រង់ ហើយដឹកនាំប្រទេសជឿនលឿន»។
ពលរដ្ឋខ្មែរទាំងអស់នោះ ក៏បានអះអាងថា ពួកគាត់ត្រូវតែគាំទ្រសម្ដេចតេជោ ហ៊ុន សែន ដោយគ្មានការភ័យខ្លាចអ្វីទាំងអស់ ទោះក្រុមមួយក្ដាប់តូចធ្វើបាតុកម្មក៏មិនខ្វល់។ ពួកគាត់ថា «ខ្ញុំត្រូវតែទៅគាំទ្រសម្ដេចរបស់ខ្ញុំនេះជាសិទ្ធិរបស់ពួកខ្ញុំ ហើយទៅគាំទ្រនេះដោយកម្លាំងញើសឈាមខ្លួនឯង ដោយចេញសំបុត្រយន្ដហោះខ្លួនឯង អត់មានទិញទឹកចិត្តទេ គឺស្រលាញ់គាត់ដោយស្មោះ»។
ក្រៅពីប្រជាពលរដ្ឋនៅទីក្រុងឡុងប៊ិចនេះ ក៏មានការប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងញូវយ៉ក រដ្ឋវ៉ាស៊ីនតុន នៅទីក្រុងឡូវ៉ែល រដ្ឋអ័ររីហ្គេន និងរដ្ឋផ្សេងៗជាច្រើនទៀត ពួកគេបានអះអាងថា ពួកគាត់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាំទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ចំពោះការទៅកាន់ទឹកដីសហរដ្ឋអាមេរិកជាថ្មីនេះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល អាណត្តិថ្មី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមសម័យប្រជុំអង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខាងមុខនេះ។
កម្ពុជា និងប្រទេសចំនួន១៥ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ ត្រូវបានជ្រើសតាំងឲ្យធ្វើជាអនុប្រធាន រួមជាមួយប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៃសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ៕
ខាងក្រោមនេះជាវីដេអូរបស់ប្រជាពលរដ្ឋ សម្តែងអារម្មណ៍រីករាយ ចាំទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន៖