(ភ្នំពេញ)៖ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ឲ្យកាន់តែមានការទទួលស្គាល់ច្រើនថៃគ្រោងនឹងរៀបចំការតាំងពិព័រណ៍ «Thailand Products Expo 2018» លើកទី២ រយៈពេល៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៧-៣០ ខែកញ្ញា ឆ្នាំ២០១៨។
គោលបំណងក្នុងការរៀបចំ ពិព័រណ៍ពាណិជ្ជកម្មថៃ «Thailand Products Expo 2018» លើកទី២ ដើម្បីផ្សព្វផ្សាយផលិតផលថៃ ដែលជាផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងជាការថ្លែងអំណរគុណដល់អតិថិជនដែលគាំទ្រទំនិញថៃ ឲ្យមានឱកាសបានទិញទំនិញ ពីម្ចាស់រោងចក្រដោយផ្ទាល់ និងក្នុងតម្លៃដែលធានាបានថោក ជាងតម្លៃលើទីផ្សារ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល់ តំណាងពាណិជ្ជកម្មថៃ ប្រចាំខេត្តសៀមរាប បានថ្លែងឲ្យដឹងថា «នេះជាលើកទី២ប្រចាំឆ្នាំ២០១៨ ដែលថៃបានរៀបចំកម្មវិធីតាំងពីព័រណ៍នៅកម្ពុជា ហើយពិព័រណ៍នេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។ គោលបំណងសំខាន់ ក្នុងការរៀបចំតាំងពិព័រណ៍នេះគឺ ដើម្បីបង្ហាញពីសក្ដានុពលទំនិញថៃ ព្រមទាំងនាំចេញទំនិញថៃមកលក់ផ្ទាល់ជាមួយអតិថិជន ដែលតែងតែគាំទ្ររហូតមក»។
លោកស្រីបន្ដទៀតថា ការរៀបចំនេះបានរើសយកពាណិជ្ជករថៃ ដែលនាំចូល និងចែកចាយទំនិញថៃ ដែលមានគុណភាពល្អ ព្រមទាំងមានការទទួលស្គាល់ពីស្ថាប័ន មកចែកចាយដល់អតិថិជនកម្ពុជា។
សូមជម្រាបថា ការតាំងពិព័រណ៍នេះ នឹងមានក្រុមហ៊ុនចូលរួមតាំងបង្ហាញចំនួន២០០ក្រុមហ៊ុន មានស្ដង់សរុបចំនួន២៥០ស្ដង់។ ក្នុងនោះមានការតាំងបង្ហាញ នូវប្រភេទទំនិញជាច្រើនដូចជា៖ ១៖ សំភារៈសំណង់, ២៖ ទំនិញអាហារ និងភេសជ្ជៈ, ៣៖ សំលៀកបំពាក់ និងវាយនភ័ណ្ឌ, ៤៖ សុខភាព និងសម្ភស្ស, ៥៖ សំភារៈប្រើប្រាស់ក្នុងផ្ទះ និងសំភារៈផ្ទះបាយ, ៦៖ វត្ថុអនុស្សាវរីយ៍ និងតុបតែងផ្ទះ, ៧៖ សំភារៈធ្វើពីស្បែក និងស្បែកជើង, ៨៖ សំភារៈអគ្គីសនី និងអេឡិចត្រូនិក និង៩៖ ទំនិញ OTOP ថៃ មកពីខេត្តសុងខះឡា៕