(ភ្នំពេញ)៖ ពានរង្វាន់ពាក់កណ្ដាលអាជីពដ៏ធំ KMH រដូវកាលថ្មី ឆ្នាំ២០១៨-២០១៩ ខិតជិតចូលមកដល់ទៀតហើយ ខណៈស្ថាបនិកពានលោក កាំង សេន បានប្រកាសបង្កើតពានថ្មីមួយទៀត បន្ថែមលើកពានមានស្រាប់ រួមមានពាន KMH Champions League និងពាន KMH Cup U18 គឺពាន KMH Super Cup ស្របពេលប្រាក់រង្វាន់ត្រៀមផ្ដល់ជូនក្រុមជ័យលាភីពានទាំងបីសរុប ៥២,៩៥០ដុល្លារអាមេរិកឯណោះ ។
លោក កាំង សេន បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសៅរ៍នេះថា ការបង្កើតពានថ្មី KMH Super Cup គឺយកតាមលំនាំពាននៅអឺរ៉ុប ដោយជ្រើសរើសក្រុមជើងឯកពានផ្សេងៗ មកប្រកួតគ្នា មុនចាប់ផ្ដើមពានផ្លូវការ គ្រាន់តែពាន KMH Super Cup មានក្រុមច្រើនចូលរួម ក្នុងនោះលោកបានអញ្ជើញក្រុមជើងឯកមកពីពានពាក់កណ្ដាលអាជីពធំៗចំនួន ៤ ចូលរួម គឺពាន KMH Champions League, KMH Cup, Khmer Real Estate និងពានសម្ដេចមហាពញាចក្រី ហេង សំរិន រួមទាំងក្រុម All Star ប្រចាំប្រទេសកម្ពុជាផ្សេងៗ សរុប ១០ក្រុម ។
ពាន KMH Super Cup គ្រោងចាប់ផ្ដើមការប្រកួតនាដើមខែធ្នូ ឆ្នាំ២០១៨ មុនពាន KMH Champions League និងពាន KMH Cup U18 ដោយបែងចែកជា ២ពូល ។ ចំពោះលក្ខខណ្ឌកីឡាករចូលរួម គឺអនុញ្ញាតឲ្យក្រុមនីមួយៗ នាំយកកីឡាករអាជីពទាំងខ្មែរ និងបរទេស ៤នាក់ក្នុងមួយក្រុម តែសម្រាប់កីឡាករបរទេសមិនអាជីព គឺអាចចុះឈ្មោះចូលរួមបានដោយសេរី ។ ស្ថាបនិកពានដដែលរំពឹងថា ការធ្វើបែបនេះ នឹងធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ហើយគុណភាពកីឡាករក្នុងស្រុក ពិសេសកីឡាករកម្រិតពាក់កណ្ដាលអាជីព ក៏កាន់តែរីកចម្រើន ដើម្បីវិវត្តន៍ក្លាយជាកីឡាករអាជីពផងដែរ ។
ដោយឡែកពាន KMH Champions League និងពាន KMH Cup U18 ត្រូវបានស្ថាបនិកពាន និងគណៈកម្មការរៀបចំ សម្រេចរក្សាគោលការណ៍ និងលក្ខខណ្ឌចូលរួមប្រកួតនៅដដែល ក្នុងនោះពាន KMH Champions League រក្សាក្រុមចូលរួមចំនួន ៣២ក្រុម ខណៈពាន KHM Cup គឺផ្ដល់ឱកាសដល់ក្រុមយុវជនក្រោមអាយុ ១៨ឆ្នាំឲ្យចូលរួម ។ តាមរយៈពានទាំងបីខាងលើនេះដែរ លោក កាំង សេន សង្ឃឹមយ៉ាងមុតមាំ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ និងចម្រាញ់បាននូវធនធានកីឡាករល្អៗកាន់តែច្រើនបន្ថែមទៀត ។
អ្វីដែលពិសេសសម្រាប់ប្រាក់រង្វាន់ ក៏មានការកើនឡើងច្រើនផងដែរ ពិសេសពាន KMH Champions League ដែលជើងឯកទទួលបានប្រាក់រង្វាន់ស្ទើរស្មើក្រុមជើងឯកលីគកំពូលកម្ពុជា គឺលេខ១ ទទួលបាន ១៤,០០០ដុល្លារ, លេខ២ បាន ៦,០០០ដុល្លារ, លេខ៣ បាន ៣,០០០ដុល្លារ, លេខ៤ បាន ១,៥០០ដុល្លារ, Fair-Play បាន ៧៥០ដុល្លារ, កីឡាករល្អ ៤០០ដុល្លារ, អ្នកចាំទីល្អ ៤០០ដុល្លារ, អ្នករកបានគ្រាប់បាល់ច្រើនជាងគេ ៤០០ដុល្លារ, ក្រុមឡើងវគ្គ ១/៤ សរុប ២,៤០០ដុល្លារ និងក្រុមឡើងវគ្គ ១/៦ សរុប ២,៤០០ដុល្លារ ។
ចំណែកពាន KMH Cup U18 លេខ១ ទទួលបាន ៥,០០០ដុល្លារ, លេខ២ បាន ២,៥០០ដុល្លារ, លេខ៣ បាន ១,៥០០ដុល្លារ, លេខ៤ បាន ៥០០ដុល្លារ, Fair-Play បាន ៤០០ដុល្លារ, កីឡាករល្អ ២០០ដុល្លារ, អ្នកចាំទីល្អ ២០០ដុល្លារ និង អ្នករកបានគ្រាប់បាល់ច្រើនជាងគេ ២០០ដុល្លារ ។ រីឯពាន KMH Super Cup លេខ១ ទទួលបាន ៥,០០០ដុល្លារ, លេខ២ បាន ២,៥០០ដុល្លារ, លេខ៣ បាន ១,៥០០ដុល្លារ, លេខ៤ បាន ៧៥០ដុល្លារ, Fair-Play បាន ៥០០ដុល្លារ, កីឡាករល្អ ៣០០ដុល្លារ, អ្នកចាំទីល្អ ៣០០ដុល្លារ និង អ្នករកបានគ្រាប់បាល់ច្រើនជាងគេ ៣០០ដុល្លារ ៕