(ព្រះសីហនុ)៖ «ពយកំពេញ» ជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតមួយស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយបច្ចុប្បន្នកំពុងនឹងមានអភិវឌ្ឍកែច្នៃទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងស្រស់ស្អាតមួយមិនចាញ់តំបន់រមណីយដ្ឋានទេសចរណ៍មាត់សមុទ្រល្បីៗនៅលើពិភពលោកនោះឡើយ។
«ពយកំពេញ» ជាតំបន់មួយស្ថិតនៅរាប់រយម៉ែត្រពីតំបន់ឆ្នេរខ្សាច់ ហើយតំបន់នេះពីមុនពុំមានឆ្នេរខ្សាច់នោះទេ មានតែថ្មមុតស្រួច។ ជាពិសេសមានរលកធំៗ មិនអាចចុះលេងទឹកបានងាយស្រួលនោះឡើយ ព្រមទាំងងាយនឹងមានគ្រោះថ្នាក់ថែមទៀតផង។
បើទោះបីតំបន់នេះមិនមានឆ្នេរខ្សាច់យ៉ាងណាក្តី តែសម្រស់ទេសសភាពនៅទីនេះមានភាពស្រស់ស្អាត ហើយទឹកសមុទ្រក៏ថ្លាផងដែរ។ ដោយមើលឃើញពីស្រស់ស្អាតទាំងនេះ ទើបមានក្រុមហ៊ុនមួយដែលទទួលបានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធបានធ្វើការកែប្រែ និងអភិវឌ្ឍតំបន់នេះឲ្យស្រស់បំព្រងឡើង និងគួរជាទីទាក់ទាញសម្រាប់អ្នកទេសចរណ៍ថែមទៀតផង។
យោងតាមទំព័រ Facebook ដែលមានឈ្មោះថា «Coral of Kompenh SHV Cambodia» បានគូសបញ្ជាក់ថា តំបន់ «ពយកំពេញ» ត្រូវបានសិក្សា និងកែច្នៃលម្អ ធ្វើឆ្នេរខ្សាច់ស និងសួនបៃតងសម្រាប់ដើរលេងកម្សាន្ត ទៅតាមស្ថានភាពទីតាំងជាក់ស្តែង ដូចជា៖ រៀបថ្មធម្មជាតិធ្វើជារបាំងការពាររលក និងខ្សាច់កុំឲ្យហូរ ដើម្បីរក្សាខ្សាច់ឲ្យនៅជាឆ្នេរសម្រាប់លេងទឹកបាន, កែលម្អទីតាំងដែលត្រូវរលកធំៗបក់បោកធ្វើឲ្យបាក់ច្រាំង ច្រោះដីជាឆ្នេរថ្ម និងរៀបចំធ្វើសួនបៃតងសម្រាប់ដើរលេងកម្សាន្ត។
បច្ចុប្បន្នការកែច្នៃលម្អឆ្នេរខ្សាច់ និងឆ្នេរថ្មរួមទាំងសួនបៃតងនេះ កន្លែងខ្លះបានធ្វើរួចរាល់ កន្លែងខ្លះកំពុងរៀបចំ និងទីតាំងមួយចំនួនទៀតមិនទាន់បានធ្វើរួចរាល់នោះទេដោយសារអាកាសធាតុភ្លៀង ខ្យល់ ព្យុះជាច្រើនខែមកហើយ។
ទំព័រ Facebook ដដែលនេះ បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍នៅ «ពយកំពេញ» នេះមានការសិក្សាធ្វើឲ្យក្លាយជារមណីដ្ឋានបែបប្រណិត និងទំនើបមានអគារពាណិជ្ជកម្ម និងសណ្ឋាគារខ្នាតអន្តរជាតិ ដោយមានការរចនាបែបខ្មែរបូរាណ អេកូទេសចរណ៍ ដើម្បីធ្វើឲ្យមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង។
ក្រុមហ៊ុនអះអាងថា បន្ទាប់ពីតំបន់នេះបានអភិវឌ្ឍរួចរាល់មិនត្រឹមតែជាការរួមចំណែក លើកកម្ពស់តំបន់ទេសចរណ៍ សមុទ្ររបស់ខ្មែរឲ្យឡូយឆាយដូចបណ្តាប្រទេសដទៃប៉ុណ្ណោះទេ តែវាងនឹងក្លាយជាកន្លែងផ្តល់កន្លែងការងារសម្រាប់ប្រជាជនខ្មែរពី ៧០០ ទៅ១,០០០កន្លែង៕