(ព្រះសីហនុ)៖ អ្នកស្រី យឹម វណ្ណីតា ដែលបានស្រែកថា រងភាពអយុត្ដិធម៌ ដោយសារអ្នកមានលុយ បានរំលោភយកដី និងចាប់ប្ដីរបស់គាត់ដាក់ពន្ធនាគារចំនួន២ឆ្នាំថែមទៀត បើទោះបីជា ពួកគាត់បានដាក់លិខិតសើ្នសុំកិច្ចអន្តរាគមន៍នៅថ្នាក់ភូមិឃុំ-ស្រុក-ខេត្តអស់ហើយ នៅតែមិនអាចទទួលបាននូវដំណោះស្រាយ និងផ្តល់យុត្តិធម៌ដល់ពួកគាត់ជាជនរងគ្រោះនៅឡើយនោះទេ។
ប្រជាពលរដ្ឋមួយគ្រួសារ សុំអន្តរាគមន៍ដោយត្រាប្រណីដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសារតែដី និងផ្ទះរបស់គាត់បានរស់នៅ តាំងពីឆ្នាំ១៩៩៧ ស្រាប់តែនៅឆ្នាំ២០១៧ មានគេមករំលោភយកតែម្តង។ អ្នកដែលមករំលោភផ្ទះ និងដីរបស់អ្នកស្រីនោះ មានឈ្មោះ គិត ប៊ុន និង ឡឹក លក្ខិណា។
តាមរយៈអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ អ្នកស្រី យឹម វណ្ណីតា អាយុ៣១ឆ្នាំ ដែលអះអាងថាជាជនរងគ្រោះ បាននិយាយរៀបរាប់ថា ផ្ទះ និងដី ដែលមានទំហំសរុប ៥០ម X ៧០ម កំពុងរស់នៅសព្វថ្ងៃនេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយគ្រួសារអ្នកស្រី បានកាន់កាប់ និងរស់នៅតាំងពីឆ្នាំ១៩៩៧ រហូតមក ពុំមានបញ្ហានោះទេ ហើយអាជ្ញាធរភូមិ-ឃុំ ក៏បានចេញលិខិតទទួលស្គាល់លើសុំកាន់កាប់ និងប្រើប្រាស់ដីធ្លីនេះផងដែរ។
លុះនៅក្នុងដើមឆ្នាំ២០១៧ ក្រុមគ្រួសារលោក គិត ប៊ុន និងបក្សពួក បានចូលមកធ្វើសកម្មភាពវាយទំលុះរបងផ្ទះរបស់អ្នកស្រីទាំងកំរោល ហើយបានបំពានយកដី និងធ្វើការសាងសង់សំណង់ និងរានទេវតាជាប់នឹងសរសផ្ទះ ដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយមិនខ្លាចច្បាប់បន្តិចណាឡើយ។ ចាប់តាំងពីពេលមានទំនាស់នោះ រហូតដល់បច្ចុប្បន្ននេះ ពួកគាត់បានដាក់លិខិតកិច្ចអន្តរាគមន៍ នៅថ្នាក់ភូមិ-ឃុំ-ស្រុក-ខេត្តអស់ហើយ នៅតែមិនអាចទទួលបាននូវដំណោះស្រាយ និងយុត្តិធម៌ដល់ពួកគាត់ជាជនរងគ្រោះនៅឡើយនោះទេ។
ម្យ៉ាងវិញទៀត ទង្វើរបស់ក្រុមគ្រួសារលោក គិត ប៊ុន និងបក្សពួក ព្រមទាំងមន្រ្តីគ្រប់ជាន់ថ្នាក់រហូតដល់តុលាការទៀតនោះ បានធ្វើឲ្យគ្រួសារពួកគាត់រងនូវភាពអយុត្តិធម៌ រងនូវភាពឈឺចាប់ជាខ្លាំង ព្រមទាំងអស់ជំនឿទៀតផង។
ចំពោះករណីនេះ អ្នកស្រី បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយដោះស្រាយរកយុត្តិធម៌ ជាពិសេសជួយអន្តរគមន៍ដោះលែងប្តីរបស់គាត់ឈ្មោះ ពេជ្រ រក្សា ដែលត្រូវបានលោក គិត ប៊ុន ប្តឹង និងត្រូវតុលាការខេត្តព្រះសីហនុ ចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ដោយកាត់ក្តីកំបាំងមុខឲ្យជាប់ពន្ធធនាគារយៈពេល២ឆ្នាំ ដោយចោទថា បានវាយបំផ្លាញទ្រព្យសម្បត្តិ (រានទេវតាដែលសាងសង់ជាប់សរសផ្ទះរបស់គាត់) របស់លោក គិត ប៊ុន។
ជាមួយគ្នានេះអ្នកស្រី រស្មី អ្នកស្រី សុខ ហុង លោក យាន់ សុផានី ដែលជាប្រជាពលរដ្ឋដែលរស់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏បានឲ្យដឹងថា ផ្ទះ និងដី ដែលមានទំហំសរុប ៥០ម X ៧០ម ដែលកំពុងរស់នៅសព្វថ្ងៃនេះ គឺពិតជាដីរបស់គ្រួសារឈ្មោះ លោក ពេជ្រ រក្សា ពិតមែន ខណៈដែលកន្លងលោក ពេជ្រ រក្សា រស់នៅប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតរហូតមក ដោយមិនមានអ្នកណាមួយមករស់នៅ និងកាន់កាប់លើដីនេះឡើយ។
ប៉ុន្ដែថ្មីៗនេះ ទើបតែមានបុគ្គលម្នាក់បានមករំលោភ និងសាងសង់នៅលើដីរបស់គាត់ ដែលឈានដល់ការចាប់ខ្លួនលោក ពេជ្រ រក្សា ដាក់ពន្ធធានាគាបន្ថែមទៀត ដោយធ្វើឲ្យលោក ពេជ្រ រក្សា ទទួលរងភាពអយុត្ដិធម៌ពីគ្រួសារអ្នកមានលុយ។
អ្នកស្រីសូមលើកដៃទាំងម្រាមដប់ស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយរកយុត្តិធម៌ឲ្យកាត់ប្រគល់ដីចេញប័ណ្ណកម្មសិទ្ធិ ចំនួនផ្ទៃដីខាងលើឲ្យមកគ្រួសាររបស់គាត់ បានកាន់កាប់ប្រើប្រាស់ដូចដើមវិញ ដើម្បីឲ្យពួកគាត់យកដីនេះមកប្របកមុខរបចិញ្ចឹមជីវិត ផ្គត់ផ្គង់គ្រួសារ និងមិនខាតពេលវេលាក្នុងការជាប់ពាក់ព័ន្ធរឿងនេះបន្ដទៀត។
យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ មិនទាន់អាចសុំការបកស្រាយពីភាគីលោក គិត ប៊ុន និងអ្នកស្រី ឡឹក លក្ខិណា បានទេជុំវិញការ ចោទប្រកាន់ខាងលើនេះ៕