(តាកែវ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់អតីតយុទ្ធជនកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងប្រឹងប្រែងបំពេញការងារទ្វេដង ដើម្បីនាំមកនូវឧត្តមប្រយោជន៍ថ្មីៗបន្ថែមទៀតសម្រាប់សង្គមជាតិ និងប្រជាជន ដែលបានបង្ហាញការគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់បែបនេះក្នុងពេលរូបលោកអញ្ជើញប្រគល់ប័ណ្ណបេឡេជាតិរបបសន្តិសុខសង្គមជូនអតីតយុទ្ធជនប្រមាណ ២,៥២៨នាក់នៅក្នុងខេត្តតាកែវ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក អ៊ូច ភា អភិបាលខេត្តតាកែវផងដែរ។
នៅចំពោះមុខអតីតយុទ្ធជនកម្ពុជា លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អតីតយុទ្ធជនទាំង ដែលបានបង្ហាញការស្រឡាញ់ ពេញចិត្ត និងមានស្វាមីភក្តិចំពោះគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ហើយបានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុប។
«តាមរយៈសំលេងឆ្នោតនេះ បានបង្ហាញថា បងប្អូនយើងបានស្រឡាញ់ស្មោះស្ម័គ្រចំពោះគណបក្សប្រជាជន ជាពិសេសជឿទុកចិត្តចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងអភិវឌ្ឍន៍ជាតិ និងរក្សានូវសុខសន្តិភាពរបស់ជាតិយើង ដែលជាកត្តាដ៏សំខាន់បំផុតសម្រាប់ក្តីសុខក្សេមក្សាន្តរបស់ពលរដ្ឋយើង»។ លោក គន់ គីម បញ្ជាក់បន្ថែម។
លោក គន់ គីម ក៏បានថ្លែងបង្ហាញបងប្អូនអតីតយុទ្ធជនផងដែរអំពីគោលនយោបាយ និងការតាំងចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា អាណត្តិថ្មីនេះសម្តេចតេជោ នឹងជំរុញដល់មន្ត្រីរាជរដ្ឋាភិបាលទាំងអស់ប្រឹងប្រែងធ្វើការងារទ្វេដង ដើម្បីសម្រេចនូវប្រយោជន៍ជូនជាតិ និងប្រជាជន តាមរយៈគោលនយោបាយមួយដ៏ច្បាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែខ្ពស់ និងធ្វើឲ្យជីវភាពលរដ្ឋឲ្យកាន់តែប្រសើរ ជាពិសេសជំរុញប្រទេសឲ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ពាក់ព័ន្ធការងារសមាគមវិញ លោកទេសរដ្ឋមន្ត្រី គន់ គីម បន្តជំរុញដល់ថ្នាក់ដឹកនាំអតីតយុទ្ធជននៅគ្រប់រាជធានីខេត្ត ឲ្យយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហា ដែលពួកគាត់ប្រឈម ឬជួបប្រទះ ពោលមិនត្រូវធ្វើឲ្យអតីតយុទ្ធជនអស់ទំនុកចិត្តចំពោះសមាគមនោះឡើយ៕