(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែភទ្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អមដំណើរដោយលោកវេជ្ជ.អ៊ុយ សំអាតនាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា មន្ត្រីថ្នាក់ដឹកនាំ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន១៩១គ្រួសារ មកពីស្រុកកំពង់ត្រឡាចចំនួន ៨៨គ្រួសារ និងស្រុកបរិបូរណ៌ចំនួន១០៣គ្រួសារ ក្នុងខេត្ដកំពង់ឆ្នាំង ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ សម្តេចចៅហ្វាវាំង បានពាំនាំព្រះរាជបណ្តាំរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិក្ត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើដល់ពួកគាត់ សូមថែទាំសុខភាពឱ្យបានល្អជាប្រចាំថ្ងៃ ដោយបរិភោគទឹកស្អាត ត្រូវមើលថែទាំចាស់ជរា ជនពិការ និងកូនតូចៗឱ្យបានល្អកុំឲ្យលង់ទឹក ត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសគ្រប់ប្រភេទ ជាពិសេសមុនឡើងលើផ្ទះ និងមុនពេលចូលដំណេក។
ពេលទឹកស្រកទៅវិញ សុំបងប្អូនសម្អាតបរិស្ថានឲ្យបានស្អាត បំបាត់ទឹកដក់ សំរាមស្អុយរលួយ ដើម្បីជៀសវាងការកើតជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗទៀត និងនាំគ្នាឆាប់បង្កបង្កើនផល ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារឡើងវិញ។ រាល់ពេលមានបញ្ហាសុខភាព សូមបងប្អូនប្រញាប់ទៅរកពេទ្យ ដែលមានវិជ្ជាជីវៈត្រឹមត្រូវឲ្យបានឆាប់រហ័ស។
ប្រជាពលរដ្ឋទាំងអស់ដែលមកចូលរួមក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដឹកនាំកាកបាទក្រហមកម្ពុជា ដោយមានការយកចិត្តទុកដាក់ មានក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹមដល់ប្រជាជនទូទៅជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
សូមជម្រាបថា ក្នុងចំនួនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្ដកំពង់ឆ្នាំង សរុប ៦៦៤ គ្រួសារ សម្ដេចចៅហ្វាវាំង ចែកនៅថ្ងៃនេះ មានចំនួន ១៩១គ្រួសារ ដែលចែកនៅទីតាំងមានសុវត្ថិភាពចំនួន៣ គឺនៅវត្ដបន្ទាយធ្លក, នៅសាលាបឋមសិក្សា តាហាង ក្នុងស្រុកំពង់ត្រឡាច និងភូមិត្រពាំងចាន់ នៅស្រុបបរិបូរណ៌ ហើយនៅសល់ចំនួន ៤៧៣គ្រួសារ សាខាកាកបាទក្រហមកម្ពុជា ចែកបន្ដនៅពេលក្រោយ គឺនៅស្រុកជលគិរី ២១៩គ្រួសារ និងស្រុកកំពង់លែង ២៥៤គ្រួសារ ។
សម្រាប់អំណោយដែលត្រូវចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០ គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ នំប៉័ង ១ដើម ទឹកសុទ្ធ ១ដប និងថវិកាមួយចំនួន ។
គួររម្លឹកថា ចាប់តាំងពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា បានធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងខេត្តចំនួន១៧ បានចំនួន ៣៨,៧២៥គ្រួសារហើយ៕