(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបង្ហាញពីការអភិវឌ្ឍន៍ឥតឈបឈររបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេស សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសាកលលោក។
លោកស្រីឧបនាយករដ្ឋមន្រ្ដីលើកឡើងថា «ការរីកចម្រើននេះបានធ្វើឲ្យចំណូលរបស់ពលរដ្ឋកម្ពុជា កើនឡើងឥតឈបឈរ នឹងធ្វើឲ្យតម្រូវការនៃការទិញលក់កើនឡើងដូចគ្នា ព្រមទាំងបានធ្វើឲ្យសហគមន៍ពាណិជ្ជកម្មមានសន្ទុះ និងមានសក្ដានុពលយ៉ាងខ្លាំង»។
ការលើកឡើងបែបនេះ របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ធ្វើឡើងក្នុងឱកាសលោកស្រី អញ្ជើញធ្វើអធិបតីភាពក្នុងកម្មវីធី ប្រគល់ពានរង្វាន់ជូនសហគ្រាសជោគជ័យក្នុងវេទិកា «ពានរង្វាន់ប្រែនជោគជ័យកម្ពុជាឆ្នាំ២០១៨» ដែលបានរៀបចំឡើងនាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
កម្មវិធីប្រគល់ពាន់រង្វាន់សហគ្រាសជោគជ័យក្នុងវេទិកា «ពានរង្វាន់ប្រែនជោគជ័យកម្ពុជាឆ្នាំ២០១៨» ធ្វើឡើងដើម្បអបអរសារទរ និងប្រគល់ពាន់រង្វាន់ឆ្នើមដល់ម្ចាស់សហគ្រាសជោគជ័យចំនួន២០រូប។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងឲ្យដឹងថា វេទិកានេះត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន Brands Alliance International ដើម្បីទទួលស្គាល់ និងប្រគល់ជូននូវពានរង្វាន់ឆ្នើមប្រចាំឆ្នាំ២០១៨ ដល់សហគ្រាសទទួលបានជោគជ័យ ក្នុងអាជីវកម្មរបស់ខ្លួន។ អាជីវកម្មជោគជ័យ មានន័យថា ក្រុមហ៊ុនឬបុគ្គលដែលជាម្ចាស់ទទួលបានប្រាក់ចំណេញ ចំណែកឯបុគ្គលិកទាំងអស់រីករាយ ដោយទទួលបានប្រាក់បៀវត្ស កម្រៃ និងបណ្ដាញសុវត្ថិភាពនានា។
លោកស្រីបញ្ជាក់ទៀតថា តាមរយៈការបង្កើតពានរង្វាន់ ដែលមានកិត្យានុភាពនេះ ក្រុមហ៊ុន Brands បានបង្កើតបណ្ដាញទំនាក់ទំនងល្អមួយ ដល់ក្រុមហ៊ុននានាលើពិភពលោក និងនាំមកនូវការចាប់អារម្មណ៍បន្ថែម នៃការវនិយោគផ្ទាល់ពីបរទេស និងក្នុងប្រទេសថែមទៀតផង។ ម្យ៉ាងទៀតពាន់រង្វាន់នេះ បានផ្ដល់ជូនសហគ្រិននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ការទទួលស្គាល់, ការគាំទ្រ និងការកើនឡើងនៃអថិជនក្នុងទីផ្សារជាដើម។
លោក Ryan Ong អគ្គនាយកក្រុមហ៊ុន Brands Alliance International ថ្លែងឲ្យដឹងថា ពានរង្វាន់ម៉ាកជោគជ័យរបស់កម្ពុជាមិនត្រឹមតែជំរុញ សហគមន៍ឲ្យមានភាពរឹងមាំ យូរអង្វែងក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយផ្សព្វផ្សាយពីភាពជោគជ័យរបស់ក្រុមហ៊ុនទាំងនេះ ដល់ពិភពលោកទាំងមូលផងដែរ។
លោកបានបន្ដទៀតថា «ខ្ញុំសង្ឃឹមថា ពាន់រង្វាន់នេះនឹងត្រូវបានទទួលស្គាល់ និងការកោតសសើរទាំងក្នុងប្រទេស និងក្រៅប្រទេស»។
លោកបានបន្ដទៀតថា សហគ្រិនដែលទទួលបានពានរង្វាន់នៅថ្ងៃនេះ បានចាប់ផ្ដើមលើផ្លូវមួយដ៏លំបាក និងបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ចំណាយទាំងពេលវេលា ថាមពល ថវិកា លើអាជីវកម្មរបស់ខ្លួនរហូតដល់ជោគជ័យ។ លោកបានបញ្ជាក់ទៀតថា «ក្នុងនាមជាប្រធានក្រុមហ៊ុន Brands Alliance International ខ្ញុំពិតជាមានមោទនភាពខ្លាំងក្នុងការស្វាគមន៍ អ្នកសហគ្រិនជោគជ័យទាំង២០រូប ដែលបានទទួលពានរង្វាន់ថ្ងៃនេះ»៕