(ភ្នំពេញ)៖ សមាគមតន្ត្រីសំនៀងជនពិការរបស់លោក ចាប តូ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចាប់ផ្តើមប្រើឧបករណ៍តន្ត្រី ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទិញមកពីប្រទេសអង់គ្លេស តម្លៃជាង៣ម៉ឺនដុល្លារអាមេរិក ប្រគំស្វែងរកថវិកាទ្រទ្រង់ជីវភាពរបស់ខ្លួន ក៏ដូចជាជនពិការជាសមាជិកជាច្រើននាក់ផ្សេងទៀត។
ពិធីបើកសម្ពោធឧបករណ៍តន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ ព្រមទាំងសប្បុរសជននានជាច្រើននាក់ទៀត។
លោក ចាប តូ នាយកប្រតិបត្តិសមាគមតន្រ្តីសំនៀងជនពិការ បានថ្លែងថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៃឧបករណ៍តន្ត្រីនេះ ក៏ជាពេលចាប់ផ្តើមប្រកាសការប្រគំតន្ត្រី ដើម្បីស្វែងរកមូលនិធិផ្គត់ផ្គង់ជនពិការជាង ១០០នាក់ ដែលកំពុងរស់នៅក្នុងសមាគមរបស់លោក។ លោកថា ទីតាំងវត្តភ្នំនេះត្រូវបានអនុញ្ញាត ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យយកទីតាំងស្ថិតក្នុងបរិវេណវត្តភ្នំ ស្ថិតទល់មុខស្ថាប័នអគ្គិសនីកម្ពុជា រាជធានីភ្នំពេញ ដើម្បីដំណើរការប្រគំតន្ត្រី។
លោក ចាប តូ បានបន្តថា «ជនមានពិការភាព តែងតែត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំប្រទេស ជាពិសេសអាជ្ញាធរ ដែលតែងតែជួយសម្រួលឲ្យជនពិការបានប្រគំតន្រ្តី ប្រកបដោយភាពរលូន។ សមាគមរបស់ខ្ញុំតែងតែគោរពអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ជានិច្ចដែលបានណែនាំដល់ជនពិការត្រូវប្រគំតន្ត្រី នៅទីកន្លែងណាដែលសមរម្យ»។
បើតាមប្រធានសមាគមរូបនេះ ជនពិការដូចជារូបលោក មានសេចក្តីសង្ឃឹមក្នុងជីវិតយ៉ាងខ្លាំង ព្រោះពួកគាត់អាចប្រកបការងារ តាមបែបជនពិការបាន ដូចជាការប្រគំតន្ត្រី និងចាប់សរសៃជាដើម។ លោកថា ទីតាំងវត្តភ្នំនេះក្រុមតន្ត្រីលោក បានប្រគំរកមូលនិធិ ១សប្តាហ៍មកហើយ។ លោកសំណូមពរដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងវិថី និងក្នុងបរិវេណវត្តភ្នំ ប្រសិនបើបានឮសំនៀងរបស់ជនពិការ សូមជួយឧបត្ថម្ភតាមកម្លាំងសទ្ធាជ្រះថ្លា។
បើតាមលោក ចាប តូ កន្លងមកនេះ សមាគមបានជួលផ្ទះគេស្នាក់នៅជាក្រុម ទទួលទានរួមគ្នា ចំណូលបានមកពីការចេញប្រគំតន្ត្រី តាមរាជធានី ខេត្ត ដោយប្រើឧបករណ៍ភ្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ្តល់ឲ្យសមាគមគិតជាតម្លៃ ៣ម៉ឺនដុល្លារអាមេរិក។ ប៉ុន្តែថ្មីៗនេះ សម្តេចម៉ែ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានី ហ៊ុន សែន បានព្រះប្រទាន និងផ្តល់ថវិកា ដល់សមាគម ដើម្បីទិញដី និងសង់កន្លែងស្នាក់នៅ ហើយមកដល់ពេលនេះ ដំណើរការសាងសង់ក៏បានចាប់ផ្តើមផងដែរ។
លោក ចេត ស្លេះ ជាសន្តិសុខប្រចាំវត្តភ្នំ ត្រូវបានយកចេញពីមន្ទីរវប្បធម៌រាជធានីភ្នំពេញ បានឲ្យដឹងថា លោកតែងតែជួយសម្រួល ដល់ការប្រគំតន្ត្រី របស់ជនពិការ តាំងពីថ្ងៃចាប់ផ្តើមប្រគំលើកដំបូងមកម្លេះ។ លោកបន្តថា ក្រុមសន្តិសុខរបស់លោក មានគ្នាជាង២០នាក់ ដែលត្រូវបានជ្រើសរើសដោយ អភិបាលរាជធានីភ្នំពេញ ឲ្យមើលការខុសត្រូវក្នុងបរវេណវត្តភ្នំ។ លោកថា ដើម្បីអនុវត្តតាមអនុសាសន៍ថ្នាក់ដឹកនាំ និងដើម្បីលើកស្ទួយជនពិការ លោកពេញចិត្តយ៉ាងខ្លាំង ក្នុងការជួយការងារបែបនេះ។
ការប្រគុំតន្រ្តីរបស់សមាគមជនពិការ ចាប់ផ្តើមឡើងភ្លាម ដោយមានលាយឡំនឹងសំនៀងដ៏ពីរោះរបស់ជនពិការ។ សំនៀងនេះ បានអន្ទងទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ដែលជាសប្បុរសជន បានចាប់ផ្តើមបរិច្ចាគប្រាក់បន្តបន្ទាប់គ្នាផងដែរ។ ក្នុងនោះ លោកស្រី សៀង ចាន់ហេង ប្រធានក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានឧបត្ថម្ភ៥លានរៀលដល់សមាគម និង ១លានរៀលដល់សន្តិសុខការពារទុកជាចំណងដៃ នៃថ្ងៃសម្ពោធដំបូងនេះ។
សូមជម្រាបថា សមាគមតន្ត្រីសំនៀងជនពិការ ត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១៣ ដោយលោក ចាប តូ ដែលជាជនពិការភ្នែក។ សមាគមនេះមានទីតាំងស្ថិតនៅភូមិជំរាល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយក៏ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃផងដែរ៕