(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងភរិយា នៅព្រឹកសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូននិវតុ្តន៍ជនដែលជាអតីតមន្ត្រីបម្រើការងារនៅក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន ៣៧៦នាក់។ ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានចាត់ទុកមន្ត្រីចូលនិវត្តន៍ទាំងនេះថា នៅតែជាគ្រួសារតែមួយរបស់ក្រសួងព័ត៌មាន។
លោក ខៀវ កាញារីទ្ធ បានបន្តថា «អស់លោក លោកស្រីខ្លះបានចូលរួមបម្រើការងារតាំងពីគ្រាដ៏លំបាកលំបិនក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ អស់លោក លោកស្រី ពិតជាបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់ប្រទេសជាតិនៅក្នុងវិស័យព័ត៌មាន ដែលលោក លោកស្រីទាំងអស់មិនត្រូវបានបំភ្លេចចោលសោះឡើយ»។
លោករដ្ឋមន្ត្រីបានសុំឲ្យមន្ត្រីវ័យក្មេង ដែលកំពុងបម្រើការនៅក្របខ័ណ្ឌក្រសួងព័ត៌មានទាំងអស់សុំការចែករំលែកបទពិសោធន៍ការងារពីមន្ត្រីចូលនិវត្តន៍ ដែលអាចហៅពួកគាត់ថា ជាអ្នកជើងចាស់នៅក្នុងវិស័យព័ត៌មាន ដើម្បីឲ្យការបំពេញការងារប្រចាំថ្ងៃទទួលបានភាពជោគជ័យថ្មីៗបន្ថែមទៀត។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី និងភរិយា បានផ្តល់នូវអំណោយលើកទឹកចិត្តដល់និវត្តន៍ជនទាំង ៣៧៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល អង្ករ និងសម្ភារៈមួយចំនួន ព្រមទាំងបានអញ្ជើញពួកគាត់ទទួលទានអាហារសាមគ្គីមួយពេលផងដែរ។
តំណាងនិវត្តន៍ជន លោក នី វ៉ាត បានសម្តែងក្តីគោរពចំពោះសណ្តានចិត្តដ៏ល្អរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភរិយា ដែលតែងបានគិតគូរដល់សុខទុក្ខរបស់មន្ត្រីរាជការដែលកំពុងបម្រើការងារ ក៏ដូចជាមន្ត្រីចូលនិវត្តន៍។ ជាពិសេសលោករដ្ឋមន្ត្រី តែបានចាត់ទុកមន្ត្រីទាំងអស់ ឺជាសមាជិកគ្រួសារតែមួយរបស់ក្រសួងព័ត៌មាន៕