(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ មកពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ប្រមាណជាង៥៩១នាក់ ។
ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រី វង សូត បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវជាប់យកឱកាសនេះ ទៅបន្តការសិក្សាទៀតទទួលបានចំណេះដឹង និងបទពិសោធន៍ឲ្យបានច្រើន ដើម្បីអាចចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខ។
រដ្ឋមន្ត្រី វង សូត បានបន្ថែមថា ប្អូនៗទាំងអស់គ្នា គឺជាសសរទ្រូងនៃប្រទេសជាតិ ដូចនេះប្អូនៗ និងក្មួយទាំងអស់គ្នា ត្រូវខិតខំរៀនសូត្របន្ថែមទៀត ដើម្បីអនាគតខ្លួន ក៏ដូចជាក្រុមគ្រួសារ និងប្រទេសជាតិផងដែរ។
ក្នុងឱកាសនេះ រដ្ឋមន្ដ្រី វង សូត បានផ្តល់ជូន សិស្សានុសិស្សនិទ្ទេសA ២នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូមួយគ្រឿង ថវិកា៥០,០០០រៀល និទ្ទេស B ទទួលបាន២០ម៉ឺនរៀល និទ្ទេសC ១០ម៉ឺនរៀល និងសិស្សានុសិស្ស ដែលបានចូលរួមទាំងអស់នូវថវិកា៥០,០០០រៀល។
បើតាមការបញ្ជាក់ពី លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា ស្រុកពញាក្រែក មានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចំនួន ៦៣៦នាក់ ស្រី៣៣៩នាក់ ។
ដោយឡែក លទ្ធផលសិស្សប្រឡងជាប់មានចំនួន ៥៣៣នាក់ ស្រី២៨៨នាក់ ស្មើនឹង៨៣.៨១% ក្នុងនោះនិទ្ទេសA មានចំនួន២នាក់ ស្រី១នាក់ B មានចំនួន៨នាក់ ស្រី២នាក់ C មានចំនួន២៦នាក់ ស្រី១៤នាក់ D មានចំនួន១២០នាក់ ស្រី៧០នាក់ និងនិទ្ទេសE មានចំនួន៣៧៧នាក់ ។
ចំណែកឯលទ្ធផលនៃវិទ្យាល័យជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងឆ្នាំ២០១៧_២០១៨ នេះ មានបេក្ខជនចូលរួមប្រឡងចំនួន៩៧នាក់ស្រី៥៣នាក់ សិស្សប្រឡងជាប់មានចំនួន៥៨នាក់ ស្រី៣៤នាក់ ស្មើនឹង៥៩.៧៩% ក្នុងនោះនិទ្ទេសB មានចំនួន១នាក់ C មាន២នាក់ D មានចំនួន១៤នាក់ និងE មាន៤១នាក់៕