(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា អាជ្ញាធរមីននឹងជ្រើសរើសកម្លាំងបន្ថែមប្រមាណ២ពាន់នាក់ទៀត ដើម្បីសម្អាតមីនឱ្យអស់នៅកម្ពុជានៅឆ្នាំ២០២៥ ឱ្យស្របតាមផែនការ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនាពេលកន្លងមកនេះ នៅសន្និសីទជាតិស្តីពីវិស័យមីនដោយបានសម្រេចថា ឆ្នាំ២០២៥ ជាឆ្នាំដែលលើទឹកដីកម្ពុជាគ្មានមីនប្រឆាំមនុស្សលោក។
លោកអនុប្រធានទី១អាជ្ញាធរមីន បានថ្លែងយ៉ាងដូចនេះនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបើកកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីបុគ្គលិក អាជ្ញាធរមីនកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលពិធីនេះដែរក៏មានការចូលរួមពីមន្ត្រី បុគ្គលិកអាជ្ញាធរមីន ប្រមាណជិត២០០នាក់ផងដែរ។
លោកបានថ្លែងបន្តថា រាជរដ្ឋាភិបាលរបស់យើងបានសម្រេចថា ឆ្នាំ២០២៥ ជាឆ្នាំដែលនៅលើទឹកដីកម្ពុជាគ្មានមីនប្រឆាំងមនុស្សលោក ហើយជាផែនការដែលបានរៀបចំយ៉ាងម៉តចត់ដោយមានយុត្តិសាស្ត្រ និងនិតិវិធីរបៀបអនុវត្តន៍ ហើយជាផែនការដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនាពេលកន្លងមកនេះ នៅសន្និសីទជាតិស្តីពីវិស័យមីន ហើយបច្ចុប្បន្នអាជ្ញាធរមីនបានអនុវត្តន៍យ៉ាងសស្រាក់ សស្រាំ ជាទីបំផុតដើម្បីឈានទៅដល់ជោគជ័យ នៃការអនុវត្តន៍យុទ្ធសាស្ត្រជាតិឆ្នាំ២០១៨- ២០២៥នេះ។
លោកក៏បានបន្ថែមទៀតថា ដើម្បីឱ្យបានជោគជ័យនូវផែនការនេះ អាជ្ញាធរមីនត្រូវការកម្លាំងបន្ថែមប្រមាណ ២ពាន់នាក់បន្ថែមទៀត នៃអ្នកបោសសំអាតមីន ដែលបច្ចុប្បន្នមានកម្លាំងជាង៤ពាន់នាក់ ដែលមួយចំនួន កំពុងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្ម ដែលការងារទាំងអស់គឺពោរពេញដោយហានិភ័យខ្ពស់ ហើយមួយចំនួនទៀតក៏ត្រូវចូលនិវត្តន៍ ដោយសារពួកគាត់មានវ័យចំណាស់ ដូចនេះហើយត្រូវតែរកកម្លាំងថ្មីបន្ថែម មកចូលរួមដើម្បីធ្វើការបោសសំអាតមីន។
លោកក៏បានបញ្ជាក់ទៀតថា កម្លាំងដែលត្រូវបន្ថែមអ្នកបោសសំអាតមីន គឺជាការជ្រើសរើសដោយប្រតិបត្តិករ ដែលប្រតិបត្តិករជាតិ មានដូចជា ស៊ីម៉ាក់ អិនភីមិច និងប្រតិបត្តិករអន្តរជាតិធំៗមាន ហាឡូត្រាស អិនភីអេ (NPA) ម៉ែក(MAX) ជាអ្នកជ្រើសរើស។ ចំពោះអាជ្ញាធរមីនក៏បានលើកទឹកចិត្ត និងណែនាំឱ្យមានធ្វើបែបនេះដែរ ដើម្បីឱ្យសម្រេចបានតាមគោលដៅនៅឆ្នាំ ២០២៥ខាងមុខនេះ។ លោកបញ្ជាក់ទៀតថា តាមរបាយការណ៍បានឱ្យដឹងថា មានអង្គការមួយចំនួនបានធ្វើការរើសបណ្តើរៗហើយ ហើយក្នុងនោះមានស្ត្រីបានចូលរួមច្រើនក្នុងប្រតិបត្តិការបោសសំអាតមីននេះ ហើយនេះជាគោលដៅដែលយើងបានផ្តល់ជាផែនការ និងការលើកទឹកចិត្តដល់ពួកគេ៕