(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយមន្ត្រី និងអាជ្ញាធរភូមិឃុំចាច្រើនរូប បានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដលលបងប្អូនប្រជាពលរដ្ឋចំនួន១០៨គ្រួសារ មកពីឃុំចំនួន៧ ក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងគិតគូរជានិច្ច អំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្រីក្ររបស់យើងគ្រប់ៗ រូបដោយមិនប្រកាន់ពូជសាសន៍ ពណ៍សំបុរឫនិន្នាការនយោបាយឡើយ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើឲ្យបងប្ងូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ពិសេសការពារកុំឲ្យកើតជម្ងឺគ្រុនចាញ់ ដោយត្រូវគេងដាក់មុងជាប្រចាំ គ្រប់ទីកន្លែង និងត្រូវសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានល្អ។
ជាមួយគ្នានោះដែរ លោកក៏បានធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវចូលរួមលុបបំបាត់គ្រឿងញៀនឲ្យអស់ចេញពីមូលដ្ឋាន ភូមិ-ឃុំរបស់យើង ដោយធ្វើការណែនាំកូនចៅឲ្យជៀសឆ្ងាយ ពីគ្រឿងញៀន និងត្រូវសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ចស្តីពីការជួញដូរ ការចែកចាយ និងការប្រើប្រាស់ ធ្វើយ៉ាងណាឲ្យភូមិឃុំរបស់យើងគឺជាភូមិមួយ ដែលគ្មានការប្រើប្រាស់គ្រឿងញៀន។
អំណោយដែលចែកជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ទឹកត្រី១យួរនិងអាវ១ផងដែរ៕