(ត្បូងឃ្មុំ)៖ ដើម្បីបង្កើនការយល់ដឹង ក៏ដូចជាសារសំខាន់នានា ក្នុងពីការចុះបញ្ជីពាណិជ្ជម្ម មន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាស្តីពី ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម និងបែបបទពាក់ព័ន្ធ ដល់សាធារណៈជន មន្ត្រីរាជការ និស្សិត អាជីវករ ពាណិជ្ជករក្នុង ខេត្តត្បូងឃ្មុំ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ នៅសាលប្រជុំ សកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។
ថ្លែងក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានលើកឡើងថា កម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិស័យពាណិជ្ជកម្ម ជាវិស័យអទិភាព ដោយបានចាត់ទុកថា ការអភិវឌ្ឍន៍ ផ្នែកឯកជនជាកត្តាចំបង នៃកំណើនសេដ្ឋកិច្ចជាតិ ការរៀបចំយុទ្ធសាស្ត្រ ដើម្បីបង្កើតបរិស្ថានធុរៈកិច្ច ឲ្យកាន់តែប្រសើរឡើង សម្រាប់លើកកម្ពស់វិស័យឯកជន សំដៅការជំរុញលើកកម្ពស់ និងពង្រឹង សមត្ថភាពសហគ្រាសធុនតូច និងមធ្យម SME និងការទាក់ទាញវិនិយោគ។
លោកបន្តថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ស៊ីជម្រៅ នៅតាមបណ្តាក្រសួង ស្ថាប័ននានា។ ក្នុងនោះ ក្រសួងពាណិជ្ជកម្ម បានកែសម្រួលការងារ ចុះបញ្ជីពាណិជ្ជកម្ម ដែលកន្លងមកអនុវត្ត ការចុះបញ្ជីដោយដៃ ទៅជាការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបង់ប្រាក់តាមប្រព័ន្ធធនាគារ នៅលើគេហទំព័រ ក្រសួងពាណិជ្ជកម្ម www.businessregisstration.moc.gov.kh ដែលតម្រូវឲ្យគ្រប់ក្រុមហ៊ុន សហគ្រាសពាណិជ្ជកម្មទាំងអស់ ត្រូវចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សារឡើងវិញ។
អភិបាលរងខេត្តត្បូងឃ្មុំ រូបនេះ បានបញ្ជាក់ថា ការកែទម្រង់កែសម្រួលការ ចុះបញ្ជីពាណិជ្ជកម្មដោយដៃ ទៅជាការចុះបញ្ជី តាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ ក្នុងគោលបំណង រួមមាន៖
* ដើម្បីសម្រួលការងារ ចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុន សហគ្រាសពាណិជ្ជកម្ម។
* កាត់បន្ថយពេលវេលា សម្រាប់ដំណើរការចុះបញ្ជីពាណិជ្ជកម្ម។
* ផ្តល់ភាពងាយស្រួល ដោយអនុញ្ញាតឲ្យគ្រប់ពាណិជ្ជករ អាជីវករ អាចដាក់ពាក្យចុះបញ្ជីប្រើប្រាស់ប្រព័ន្ធ និងអាចស្នើរសុំបញ្ជីបង្កើតក្រុមហ៊ុន សហគ្រាសពាណិជ្ជកម្ម ពីកន្លែងណាក៏បាន ដោយគ្រាន់តែមានកុំព្យូទ័រ smartphone និងinternet។
* មានភាពងាយស្រួល ឯកសារមិនស៊ាំញ៉ាំច្រើន និងអាចកែតម្រូវ បានក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម។
* ការបង់ប្រាក់ បង់តាមប្រព័ន្ធធនាគារពាណិជ្ជនានា ដែលជាដៃគូ ជាមួយក្រសួងពាណិជ្ជកម្ម។
តាមរយៈសិក្ខាសាលានេះ លោក ប៉ែន កុសល្យ ក៏បានធ្វើការជំរុញ ឲ្យគ្រប់សហគ្រាស ពាណិជ្ជករ សេវាករ និងអាជីវករទាំងអស់ ត្រូវតែចុះបញ្ជីពាណិជ្ជកម្មជាចាំបាច់ ពិសេសចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ប្រយោជន៍ នៃអាជីវកម្មស្របច្បាប់។
លោក តូច សុខន ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រុមហ៊ុន សាខាក្រុមហ៊ុន បុត្រសម្ព័ន្ធ សហគ្រាសពាណិជ្ជកម្ម ដែលបានចុះបញ្ជីរួច នៅក្រសួងពាណិជ្ជកម្ម ដែលមានស្នាក់ការ នៅតាមបណ្តាក្រុង-ស្រុក ទាំង៧ ចំណុះខេត្តត្បូងឃ្មុំ មានចំនួន ១២៩ទីតាំង ដែលក្នុងនោះរួមមាន៖ ក្រុមហ៊ុនឯកជនទទួលខុស ត្រូវមានកំរិត ចំនួន១១០ទីតាំង, សហគ្រាសពាណិជ្ជកម្ម មានចំនួន៨ទីតាំង និងសាខាក្រុមហ៊ុន និងធនាគារ មានចំនួន២១ទីតាំង។
ទន្ទឹមនឹងនេះ នៅមានក្រុមហ៊ុន សហគ្រាស អាជីវករមួយចំនួនទៀត នៅមិនទាន់បានយល់ ពីនីតិវិធីនៃការចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៅឡើយ ហេតុនេះហើយ បានជាមន្ទីរពាណិជ្ជកម្មខេត្ត បង្កើតឲ្យមានសិក្ខាសាលានេះឡើង៕