(ប៉ៃលិន)៖ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានជំរុញដល់ក្រុមការងារ ពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត ភាគីពាក់ព័ន្ធទាំងអស់ និងអង្គការដៃគូរគម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ (CMEP) នៅខេត្តប៉ៃលិន ត្រូវរួមសហការគ្នាធ្វើយ៉ាងណាលុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យបាននៅឆ្នាំ២០២៥ខាងមុខ ដើម្បីឈានទៅសម្រេចតាមផែនការយុទ្ធសាស្រ្តជាតិ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់។
លោកអភិបាលរងខេត្តប៉ៃលិន បានថ្លែងបែបនេះ នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំក្រុមការងារពិសេស សម្រាប់លុបបំបាត់ជម្ងឺគ្រុនចាញ់នៅខេត្ត និងការដាក់ឱ្យដំណើរការគម្រោង លុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងប្រទេសកម្ពុជា (CMEP) នាសាលប្រជុំភោជនីយដ្ឋានប៊ែមប៊ូ នៅខេត្តប៉ៃលិន។
លោកអភិបាលរងខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានប្តេជ្ញា នឹងលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទហ្វាល់ស៊ីប៉ារ៉ូម ត្រឹមឆ្នាំ២០២០ និងលុបបំបាត់រាល់គ្រប់ទម្រង់គ្រុនចាញ់នៅដំណាច់ឆ្នាំ២០២៥។ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ និងអង្គការដៃគូរ គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ (CMEP)នៅខេត្តប៉ៃលិន ត្រូវរួមសហការគ្នា ដើម្បីឈានទៅសម្រេចឱ្យបានតាមផែនការយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់នៅពេលខាងមុខនេះ។
លោក ហែម ឬទ្ធី បានថ្លែងបន្តថា ដើម្បីឱ្យការងារលុបបំបាត់ជម្ងឺគ្រុនចាញ់ ទទួលបានជោគជ័យតាមផែនការ គឺគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាបន្តផ្សព្វផ្សាយ ដោយផ្តល់ជាសារអប់រំសុខភាព និងលើកកម្ពស់ចំណេះដឹងដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍អំពីវិធីបង្ការជំងឺគ្រុនចាញ់ ការផ្តល់សេវាពិនិត្យ និងព្យាបាល ព្រមទាំងស្វែងរកជួបប្រជាជនចល័តដែលឆ្លងកាត់ ឬចូលមករស់នៅក្នុងតំបន់ និងតាមព្រំប្រទល់ខេត្ត ដើម្បីឆ្លើយតបទៅនឹងជំងឺនេះឱ្យបានទាន់ពេលវេលា ជាពិសេសប្រជាជនចល័ត ដែលចូលមកក្នុងតំបន់ព្រៃ ពួកគាត់មិនសូវយល់ដឹងច្បាស់ ពីវិធីបង្ការជំងឺគ្រុនចាញ់ និងការប្រើប្រាស់មុងបានត្រឹមត្រូវ ហើយក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ ត្រូវគ្រប់គ្រងកម្មវិធីគ្រប់កម្រិត ឱ្យមានការទទួលខុសត្រូវខ្ពស់ និងមានកិច្ចសហការទូលំទូលាយ ចាប់តាំងពីថ្នាក់ខេត្ត រហូតថ្នាក់មូលដ្ឋាន ដូចជាការគ្រប់គ្រងការធ្វើតេស្ត ថ្នាំគ្រុនចាញ់ដែលមាននៅគ្រប់កម្រិតដែលធានាបាននូវការផ្គត់ផ្គង់ និងសម្រាប់ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
ជាចុងក្រោយលោក ក៏បានជម្រុញដល់មន្ទីរសុខាភិបាលខេត្ត ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះអប់រំផ្សព្វផ្សាយអំពីសុខភាពនៅគ្រប់ទីកន្លែង ពិសេសនៅតាមបុណ្យទាននានា ឬនៅតាមវេទិកាផ្សេងៗ ដែលមានទាំងការ បិទផ្ទាំងរូបភាព សារព័ត៌មាន វិទ្យុ ទូរទស្សន៍ វិធានការបង្ការជំងឺគ្រុនចាញ់ ការផ្តល់សារអប់រំសុខភាពផ្ទាល់តាមមាត់ អំពីវិធានការបង្ការជំងឺគ្រុនចាញ់ ការប្រើប្រាស់មុងជ្រលក់ថ្នាំត្រឹមត្រូវ ព្រមទាំងការលេបថ្នាំត្រឹមត្រូវ និងទៀតទាត់ផងដែរ។
បើតាមរបាយការណ៍របស់លោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានឱ្យដឹងថា នៅខេត្តប៉ៃលិន ករណីជំងឺគ្រុនចាញ់ មានការថយចុះខ្លាំង ក្នុងឆ្នាំ២០១៦ មាន១៤២ករណី ចុះមកត្រឹម៨៩ករណីក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ត្រឹមខែសីហា មាន៨៣ករណី ក្នុងនោះស្រាលចំនួន៧៨នាក់ និងធ្ងន់ចំនួន៥នាក់ ហើយចំពោះទម្រង់គ្រុនចាញ់ហ្វាល់ស៊ីប៉ារ៉ូម និងចម្រុះមានការថយចុះ គឺក្នុងឆ្នាំ២០១៦ មាន៤៧ករណី ចុះមកត្រឹម២៧ករណីក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ត្រឹមខែសីហា មាន៩ករណី ដោយមានអង្គការដៃគូលុបបំបាត់ជំងឺគ្រុនចាញ់ចំនួន១គឺ អង្គការ URC ឬអង្គការគម្រោងកម្ចាត់ជំងឺគ្រុនចាញ់នៅកម្ពុជា (CMEP)៕