(ព្រះសីហនុ)៖ ទោះជាមមាញឹក ក្នុងភារកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងណាក្តី នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំសហការី ចុះធ្វើកិច្ចការមនុស្សធម៌ ដោយបាននាំយករទេះ សម្រាប់ជនពិការចំនួន៣ថែមទៀត និងអង្ករ១៨ការ៉ុង មី១៨កេស និងថវិកាមួយចំនួន ទៅជួយឧបត្ថម្ភ សួរសុខទុក្ខប្រជាពលរដ្ឋ ចាស់ជរា និងអ្នកជំងឺ ចំនួន១៨នាក់ នៅក្នុងមូលដ្ឋានសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ឲ្យដឹងថា ជនពិការទាំងអស់ មានលំនៅឋាន ដោយឡែកៗពីគ្នា នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គាត់ជាមនុស្សចាស់ មានជំងឺលើសឈាម ហើយពិការ និង ខ្លះទៀត ពិការពីកំណើត។ សរុបទាំងលើកមុនៗ លោកស្នងការ បានជួយឧបត្ថម្ភរទេះរុញ ជូនជនពិការ បានចំនួន១៨នាក់ ស្មើ១៨ រទេះរួចមកហើយ។
ជាមួយគ្នានោះ នាព្រឹកនេះផងដែរ នារីពេទ្យនគរបាល ដែលបានទៅជាមួយ ក៏បាននាំយកថ្នាំពេទ្យ៧មុខ ទៅចែកជូនប្រជាពលរដ្ឋដែលមានជំងឺ ដូចជាផ្តាសាយ ក្តៅខ្លួន រាគរូស និងលើសឈាម ដើម្បីទុកព្យាបាល។ ប្រជាពលរដ្ឋជាជនពិការ និង ក្រុមគ្រួសាររបស់ពួកគាត់ បានសំដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណ ជូនពរដល់លោកស្នងការ និងសហការី ឲ្យទទួលបាននូវពុទ្ធិពរទាំងបួនប្រការផងដែរ៕