(ភ្នំពេញ)៖សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានសហការជាមួយសាកលវិទ្យាល័យ Libre de Bruxelles នៅប្រទេសប៊ែលហ្ស៊ិក រៀបចំពិធីចែកសញ្ញាបត្រ Executive Master of International Business Law របស់សាកលវិទ្យាល័យ Libre de Bruxelles ជូនដល់និស្សិតខ្មែរចំនួន១៤នាក់ ដែលបានបញ្ចប់ការសិក្សា។
ពិធីចែកសញ្ញាបត្រនេះដែរ ធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
លោក សុខ ស៊ីផាន់ណា បានលើកឡើងថា «ដោយសារតែភរិយាខ្ញុំ ត្រូវបញ្ចប់ការសិក្សាកម្មវិធីនេះដែរ ខ្ញុំបានជ្រាបយ៉ាងច្បាស់ពីផ្ទៃក្នុងនៃកម្មវិធីសិក្សានេះ ដោយវាមើលទៅមានគុណភាពខ្ពស់ រួមបញ្ចូលទាំងការប្រឡងជាដើម ខ្ញុំពិតជាពេញចិត្តជាខ្លាំង។ ការបញ្ចប់ការសិក្សានាថ្ងៃនេះ គឺជាការចាប់ផ្តើមថ្មីមួយទៀត សម្រាប់ជីវិតការងារច្បាប់របស់អ្នកទាំងអស់គ្នា ដែលអ្នកខ្លះអាចនឹងបន្តឈោងចាប់បរិញ្ញាបត្រ ដែលមានកម្រិតខ្ពស់ជាងនេះទៅទៀត។ នេះពិតជារឿងសំខាន់ ដែលគួរតែពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយថែមទៀត យកចំណេះដាក់ក្នុងខ្លួនឱ្យបានច្រើន អ្នកនឹងភ្ញាក់ផ្អើលជាមិនខានថា នៅពេលអ្នកកាន់តែរៀនអ្នកនឹងដឹងថា មានរឿងរ៉ាវជាច្រើនទៀតដែលអ្នកមិនទាន់បានដឹង»។
លោកបានបន្តទៀតថា យោងតាមបទពិសោធន៍ការងាររបស់លោក ការដែលអ្នកមានបរិញ្ញាបត្រច្បាប់ គឺមានឥទ្ធិពលជាទីបំផុត ហើយអ្នកទាំងអស់គ្នា ពិតជាមានសំណាងណាស់ ដែលបានតស៊ូរហូតមកដល់ថ្ងៃនេះ ទោះបីជាមានការងារ និងបន្ទុកគ្រួសារនៅខាងក្រៅក៏ដោយព្រោះថា នៅពេលកម្មវិធីសិក្សានេះចាប់ផ្តើមដំបូង និស្សិត គឺមានច្រើនជាងនេះ។ ចូរគិតថា បរិញ្ញាបត្រនេះគឺជាការចាប់ផ្តើមថ្មីនៃឆាកជីវិតដ៏វែងឆ្ងាយ ដូច្នេះហើយចូរប្រើប្រាស់ចំណេះដឹងនេះ ដើម្បីជួយគ្រួសារ ក្រុមហ៊ុន សង្គម ក៏ដូចជាប្រទេសជាតិ។ ម៉្យាងវិញទៀត បរិញ្ញបត្រច្បាប់ធុរកិច្ចអន្តរជាតិ ពិតជាមានសារសំខាន់ជាខ្លាំងនៅក្នុងប្រទេសយើង ក្នុងបរិបទនៃការរីកចម្រើនក្នុងតំបន់អាស៊ាន ជាពិសេសនោះគឺនៅចំពោះមុខភាពស្រពិចស្រពិល លើពិភពលោកតែម្តង។
លោកមេធាវី ហុក ណារិទ្ធ ជាបេក្ខជនមួយរូប ដែលបានទទួលសញ្ញាបត្រនោះផងដែរ បានលើកឡើងថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ដែលក្រុមរបស់លោក គឺជានិស្សតជំនាន់ទី១ ដែលបានទទួលបានសញ្ញាបត្រ Executive Master of International Business Law មកពីសាកលវិទ្យាល័យ Libre de Bruxelles ហើយចំពោះក្រុមនិស្សិតទាំងអស់ពិតជាបានពុះពារខ្លាំងណាស់ ទំរាំបានសញ្ញាបត្រនៅពេលនេះ។
លោកក៏បានបញ្ជាក់ទៀតថា លោកពិតជាមានអារម្មណ៍រំភើបខ្លាំង ហើយក៏ចង់បន្តឱ្យអារម្មណ៍រំភើបមួយនេះ បានបន្តដល់ប្អូនៗជំនាន់ក្រោយៗផងដែរ ជាក់ស្តែងនៅពេលនេះ មានរហូតដល់ជំនាន់ទី៤ហើយ ដែលលោកគឺជានិស្សិតជំនាន់ទី១ ដែលបានពុះពារត្រួសត្រាយផ្លូវមុនគេយ៉ាងពិបាកបំផុត។
លោកក៏បានបញ្ជាក់ទៀតថា នៅពេលបញ្ចប់ការសិក្សានេះ ក្រុមនិស្សិតអាចទទួលបានសញ្ញាបត្រ២ គឺសញ្ញាបត្រ Executive Master of International Business Law មកពីសាលកវិទ្យានៅប្រទេសប៊ែលហ្ស៊ិក និងមួយទៀតសញ្ញាបត្រ ដែលចេញដោយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផងដែរ។
លោកក៏បានថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំបង្ហាត់បង្រៀនលោកយ៉ាងយកចិត្តទុកដាក់ ជាទីបំផុត ដែលជាក់ស្តែង លោកគ្រូ អ្នកគ្រូ បានជិះយន្តហោះមកពីប្រទេសប៊ែលហ្ស៊ិក ដើម្បីមកបង្ហាត់បង្រៀនដល់និស្សិត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោកគ្រូ អ្នកគ្រូ មិនត្រឹមតែបានបង្រៀននូវមុខវិជ្ជាដែលសិស្សត្រូវរៀនប៉ុណ្ណោះទេ លោកក៏បានបង្រៀនឱ្យនិស្សិតខ្មែរ មានមនសិកាស្រលាញ់ជាតិមាតុភូមិផងដែរ៕