(ភ្នំពេញ)៖ យោងតាមរបាយការណ៍ផ្លូវការ របស់ស្ថានទូតថៃប្រចាំកម្ពុជាបានឲ្យដឹងថា ក្នុងរយៈ៧ខែ ឆ្នាំ២០១៨នេះ ពោលចាប់ពីខែមករា ដល់កក្កដា ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ បានកើនឡើងដល់ជាង៤ពាន់លានដុល្លារ។
យោងតាមរបាយការណ៍ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ទៀតថា «៧ខែ ឆ្នាំ២០១៨ ពាណិជ្ជកម្មកម្ពុជា-ថៃ មានទំហំទឹកប្រាក់ចំនួន ៤,៦០៧.១៤លានដុល្លារ កើនឡើង ៣៤.៤៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ដែលមានត្រឹមតែ ៣,៤២៦.៣០លានដុល្លារ»។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ថៃនាំចូលកម្ពុជាមានទំហំទឹកប្រាក់ចំនួន ៤,១០៧.២៥លានដុល្លារ កើនឡើង៤០.៦៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧ ដែលមានត្រឹមតែ២,៩២០.៣៣លានដុល្លារ។ ចំណែកកម្ពុជានាំចូលថៃមានត្រឹមតែ ៤៩៩.៨៩លានដុល្លារ ធ្លាក់ចុះ១.២០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានចំនួន៥០៥.៩៧លានដុល្លារ។
សូមបញ្ជាក់ថា កម្ពុជា និងថៃ គឺជាប្រទេសភូមិផងរបងតែមួយ មានទំនាក់ទំនងពាណិជ្ជកម្មខ្លាំងក្លា ដូចប្រទេសវៀតណាមផងដែរ។ ផលិតផល ដែលកម្ពុជា នាំចេញទៅថៃ ភាគច្រើនជាកសិផល រួមមានដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈប្រទេសថៃនាំចូលមក កម្ពុជាវិញ មានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សំភារៈសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្រាប់ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម៕