(កណ្ដាល)៖ ក្នុងរយៈពេលថ្មីៗនេះ ប្រជាពលរដ្ឋជាច្រើននាក់ ដែលរស់នៅឃុំព្រែកដាច់ ឃុំព្រែកទម្លាប់ និងឃុំកំពង់ភ្នំជាដើម ក្នុងស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានក្រុមឈ្មួញដីទៅបោកបញ្ឆោត និងទិញទឹកចិត្តតាមរយៈការផ្ដល់ថវិកា សារ៉ុង និងអង្ករជាដើម ដើម្បីប្រមូលអត្តសញ្ញាណប័ណ្ណរបស់ពួកគាត់ យកទៅធ្វើកិច្ចសន្យាទិញ និងលក់ដី ប៉ុន្ដែធាតុពិតដីទាំងនោះមានម្ចាស់ពិតប្រាកដ ដោយម្ចាស់ខ្លះរស់នៅភ្នំពេញ និងម្ចាស់ផ្សេងទៀតរស់នៅក្នុងមូលដ្ឋានតែម្ដង។
មូលហេតុដែលក្រុមឈ្មួញ បានបង្កើតចលនាអនាធិបតេយ្យបែបនេះ ដោយសារតែពួកគេបានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនចិនក្នុងការរៀបចំទិញដីធ្លី នៅតំបន់ទាំងនោះរួចហើយ ដល់ពេលចុះទៅទិញស្រាប់តែទិញមិនបាន ដោយសារម្ចាស់ដីមិនលក់ទើបឲ្យពួកគេខកពាក់កណ្ដាលផ្លូវ និងត្រូវប្រឈមជាមួយក្រុមហ៊ុនចិនទៀតនោះ បានជាបង្កើតល្បិចថ្មី ទិញទឹកចិត្តពលរដ្ឋ ធ្វើជារនាំងបង្កើតកិច្ចសន្យាលក់ដីខ្យល់តែម្ដង។
ពាក់ព័ន្ធចលនាអនាធិបតេយ្យបែបនេះ អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ នៅមិនទាន់ទទួលបានព័ត៌មាន និងករណីនេះនៅឡើយទេ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បានអះអាងថា នេះជាព័ត៌មានថ្មីសម្រាប់លោក ដែលទទួលបានពីខាង បណ្ដាញព័ត៌មាន Fresh News ហើយលោកនឹងចាត់ឲ្យមន្ដ្រីចុះស្រាវជ្រាវជាបន្ទាន់ ថា តើពិតជាមានរឿងរ៉ាវបែបនេះកើតឡើង ឬមួយយ៉ាងណា?
លោក ម៉ៅ ភិរុណ ថែមទាំងប្រកាសចាត់វិធានការតាមផ្លូវច្បាប់ មិនលើកលែងឲ្យនោះឡើយ ចំពោះក្រុមឈ្មួញទុចរិតដែលបានធ្វើរឿងមួយនេះ ទៅលើប្រជាពលរដ្ឋតាមមូលដ្ឋាននោះ។ លោក ម៉ៅ ភិរុណ បានបញ្ជាក់ថា «សូមអរគុណបានផ្តល់ព័ត៌មានពីករណីខាងលើនេះ ខ្ញុំស្រាវជ្រាវ នឹងចាត់វិធានការទប់ស្កាត់ និងង្ក្រាបសកម្មភាពខុសច្បាប់នេះ»។
ដោយឡែក អភិបាលស្រុកលើកដែក ខេត្តកណ្ដាលលោក នូវ សំណាង ក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោកក៏ទទួលព័ត៌មានយ៉ាងដូច្នេះដែរ និងបានចាត់ឲ្យមេឃុំចុះទៅស្រាវជ្រាវ និងប្រមូលព័ត៌មានផងដែរ ប៉ុន្ដែមិនទាន់ទទួលបានលទ្ធផលផ្លូវការនៅឡើយ។
លោកអភិបាលស្រុក ក៏បានប្រាប់ទៅមេឃុំ ឲ្យណែនាំប្រជាពលរដ្ឋទាំងនោះ បើសិនមានករណីនេះកើតឡើង ត្រូវពន្យល់ និងប្រាប់គាត់កុំឲ្យចាញ់បោកពីការទិញទឹកចិត្ត ពីព្រោះបើផ្ដិតមេដៃជូនគេហើយ ត្រូវទទួលខុសត្រូវមានដីលក់ឲ្យគេ។
បើតាមអភិបាលស្រុកលើកដែក នៅថ្ងៃច័ន្ទ ឬថ្ងៃអង្គារ៍ សប្ដាហ៍ក្រោយនេះ លោកនឹងចេញសេចក្ដីជូនដំណឹងជាផ្លូវការ ទៅកាន់ប្រជាពលរដ្ឋលើករណីនេះ។
យោងតាមសេចក្ដីរាយការណ៍ និងព័ត៌មានមួយចំនួន បានបញ្ជាក់ថា រយៈពេលថ្មីៗនេះ មានក្រុមឈ្មួញដីដូចជា ឈ្មោះ ឡុង និងបក្ខពួករបស់ខ្លួន បានចុះទៅប្រមូលទិញដី ពីប្រជាពលរដ្ឋនៅតំបន់ខាងលើ ប៉ុន្ដែទិញមិនបានព្រោះម្ចាស់ដីទាំងនោះ ខ្លះនៅភ្នំពេញ និងខ្លះជាប្រជាជនក្នុងមូលដ្ឋានមិនព្រមលក់ ខណៈដែលខ្លួនបានផុងចុះកិច្ចសន្យាលក់ដីទៅឲ្យចិន ក៏ចាប់ផ្ដើមបែកចេញជារូបភាព ប្រមូលអត្ដសញ្ញាណប័ណ្ណ ពីប្រជាពលរដ្ឋផ្សេងទៀត តាំងជាម្ចាស់ដីខ្យល់តាមរយៈការចែកលុយ២០ដុល្លារ, សារ៉ុងមួយ និងអង្ករមួយបាវ ដើម្បីឲ្យផ្ដិតមេដៃរៀបឯកសារក្លែង ក្នុងគោលបំណងយកប្រជាជនទាំងនេះ ទៅពាំងមុខដើម្បីបំភ័ន្ដភ្នែកលួចបន្លំយកដីដែលមានម្ចាស់កាន់កាប់ស្របច្បាប់រួចហើយនោះ។
អ្នកដែលបានដឹងរឿងរ៉ាវទាំងនេះ តាមរយៈបណ្ដាញព័ត៌មាន Fresh News សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចាញ់បោកក្រុមឈ្មួញ ត្រូវដកខ្លួនជាបន្ទាន់បើពុំដូច្នោះទេ អាចនឹងមានបញ្ហា ជាប់ទោសទណ្ឌ តាមផ្លូវច្បាប់ជាក់ជាមិនខានឡើយ ហើយក៏សូមអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត និងមន្ដ្រីជំនាញបើកការស៊ើបអង្កេតភ្លាមៗ តើពិតជាមានករណីនេះ ឬមួយយ៉ាងណា? គោលបំណងទប់ស្កាត់ចលនាអនាធិបតេយ្យដែលធ្វើឲ្យជម្លោះដីធ្លី កាន់តែរីកសាយភាយឡើង។
ទន្ទឹមនឹងនេះ អ្នកដែលបានដឹងរឿងរ៉ាវខាងលើទទូចសុំអន្ដរាគមន៍ពី ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ឲ្យមន្ដ្រីចុះទៅស្រាវជ្រាវ នៅក្នុងមូលដ្ឋានទាំងនោះ ដើម្បីទប់ស្កាត់ចលនាខុសច្បាប់មួយនេះ និងធ្វើឲ្យក្លាយជាបញ្ហាកាន់តែច្រើនឡើង ដែលជាបន្ទុកដោះស្រាយថែមទៀតរបស់ក្រសួងដែនដីតែម្ដង៕