(កំពត)៖ ទេសរដ្ឋមន្ដ្រី គន់ គីម បានបន្ដប្រគល់ប័ណ្ណបេឡាសន្ដិសុខសង្គម តាមបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់សមាជិកអតីតយុទ្ធជន ខេត្តកំពត ចំនួន២,៤៧២នាក់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោក ជាវ តាយ អភិបាលខេត្តកំពត។
ក្នុងពិធីដែលបានធ្វើនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពតនេះ លោក ជាវ តាយ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍ចំពោះទេសរដ្ឋមន្រ្តី គន់ គីម ដែលជានិច្ចជាកាលតែងតែចុះជួបអតីតយុទ្ធជន នៅតាមបណ្តាខេត្ត ជាក់ស្តែងថ្ងៃនេះបានចុះមកជួបសមាជិកអតីតយុទ្ធជនកម្ពុជានៅខេត្តកំពត។
ថ្លែងទៅកាន់អង្គពិធីទាំងមូល ទេសរដ្ឋមន្ដ្រី គន់ គីម បានគូសបញ្ជាក់ថា ក្រោយត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាទេសរដ្ឋមន្រ្តី និងឲ្យទទួលការងារអតីតយុទ្ធជន ថ្ងៃនេះលោកមកជួបសមាជិកទាំងអស់ ដើម្បីបង្ហាញមុខ និងមកអរគុណសមាជិកដែលបានទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន និងនាំយកប័ណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) របស់សម្តេចមកចែកជូនផងដែរ។
ដោយពិនិត្យឃើញសមាជិកអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពលំបាក លោកទេសរដ្ឋមន្ដ្រី គន់ គីម បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន និងត្រូវបានសម្តេច អនុញ្ញាតឲ្យសាងសង់ផ្ទះជូនអ្នកមានដីអត់ផ្ទះ២០ខ្នង និងសូមឲ្យអភិបាលខេត្ត ជួយដោះស្រាយដីជូនអ្នកអត់ដីអត់ផ្ទះ ចំនួន១៩គ្រួសារ ដោយលោកនឹងគោរពស្នើសុំសម្តេច សាងសង់ផ្ទះជូនពួកគាត់ក្រោយពេលទទួលបានដី៕