(កំពង់ធំ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ធ្វើវិសោធនកម្មច្បាប់ស្តង់ដាកម្ពុជា និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធនឹងផលិតផលម្ហូបអាហារ សម្ភារ សំណង់ អគ្គិសនី អេឡិចត្រូនិក និងសារធាតុគីមី ផ្សព្វផ្សាយទៅកាន់សេវាករ ផលិតករ ដើម្បីឈានទៅរកការចុះបញ្ជីស្តង់ដាកម្ពុជាប្រកបដោយប្រសិទ្ធភាព។
ថ្លែងក្នុងពិធីសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយច្បាប់ស្តង់ដាកម្ពុជាទៅកាន់សេវាករ និងផលិតករ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ លោក អ៉ិន សំបូរ អគ្គនាយករងវិទ្យាស្ថានស្តង់ដាកម្ពុជា លើកឡើងថា «ការធ្វើវិសោធនកម្មច្បាប់ស្តង់ដាកម្ពុជា និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធ និងផលិតផលម្ហូបអាហារ សម្ភារសំណង់ អគ្គិសនី អេឡិចត្រូនិច និងសារធាតុគីមី ផ្សព្វផ្សាយទៅកាន់សេវាករ ផលិតករ គឺដើម្បីឈានទៅរកការចុះបញ្ជីស្តង់ដាកម្ពុជាប្រកបដោយប្រសិទ្ធភាព»។
លោកបន្តថា ការធ្វើវិសោធនកម្មច្បាប់មួយចំនួននេះ បានផ្តល់នូវផលចំណេញជាច្រើនសម្រាប់អាជីវករ សេវាករ និងផលិតករកម្ពុជាទាំងអស់ ព្រោះរាល់ផលិតផលដែលធ្វើចរាចរណ៍លក់ដូរ នៅលើទីផ្សារទូទាំងកម្ពុជា មានការជឿទុកចិត្តពីសំណាក់អ្នកប្រើប្រាស់ ហើយរាល់ទំនិញទាំងអស់ដែលមានការចុះបញ្ជីស្តង់ដាកម្ពុជាលើទំនិញទាំងអស់ ពិតជាមានគុណភាព និងសុវត្ថិភាពពិតប្រាកដទាំងការផលិត និងការប្រើប្រាស់ដែលមានដូចជាការដាក់ស្លាកសញ្ញាត្រឹមត្រូវ តាមរយៈការធ្វើតេស្តដោយមន្ត្រីជំនាញ នៃវិទ្យាស្ថានស្តង់ដាកម្ពុជា ក៏ដូចជាមន្ទីរឧស្សហកម្ម និងសិប្បកម្ម គ្រប់រាជធានី-ខេត្តទូទាំងប្រទេសផងដែរ។
លោកបន្តថា ការធ្វើវិសោធនកម្មច្បាប់ផ្តល់សិទ្ធិឱ្យមន្រ្តីក្នុងមន្ទីរឧស្សហកម្ម និងសិប្បកម្មរាជធានី-ខេត្ត ជាមន្ត្រីយុត្តិធម៌ និងធ្វើឱ្យការអនុវត្តការងារកាន់តែមានភាពសុក្រឹត និងគ្រប់ជ្រុងជ្រោយ នៅក្នុងមូលដ្ឋានផ្ទាល់ ដែលត្រូវធ្វើឱ្យមានការអនុវត្តតាមគោលការណ៍គុណភាពស្តង់ដាអន្តរជាតិ ឈានទៅរកការប្រកួតប្រជែងលើទីផ្សារជាតិ និងនាំចេញទៅប្រកួតប្រជែង លើទីផ្សារអន្តរជាតិនៅថ្ងៃអនាគត ឱ្យកាន់តែប្រសើរជាងពេលនេះបន្តទៀត៕