(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបាញ់សារនយោបាយជូន អតីតថ្នាក់ដឹកនាំ និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ថា នាំគ្នាភ្លឺភ្នែកព្រោះសហគមន៍អឺរ៉ុប នៅតែបន្តធ្វើសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលអាណត្តិទី០៦នេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ការលើកឡើងរបស់លោក សុខ ឥសាន បានធ្វើឡើងបន្ទាប់ពីលោក George Edgar ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ថា «សហគមន៍អឺរ៉ុប នៅបន្តធ្វើការងារក្នុងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជាសម្រាប់អាណត្តិថ្មី និងបណ្តាប្រទេសជាដៃនានា»។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប បាថ្លែងថា សហគមន៍អឺរ៉ុប នៅតែបន្តធ្វើសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា សម្រាប់អាណត្តិថ្មី។ គ្មានភាពខុសគ្នាទេរវាងសហភាពអឺរ៉ុប និងសមាជិកបស់ខ្លួន ចំពោះជំហរគាំទ្ររាជរដ្ឋាភិបាលថ្មីរបស់ប្រទេសកម្ពុជា និងការបោះឆ្នោតនៅពេលកន្លងទៅ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបន្តថា សហគមន៍អឺរ៉ុប បានបន្តគាំទ្រក្នុងការជំរុញឱ្យមានកំណើន សេដ្ឋកិច្ចរស់កម្ពុជា។ នៅពេលថ្មីៗនេះ សហគមន៍អឺរ៉ុប និងសមាជិកសហគមន៍ បានគាំទ្រកម្ពុជាយ៉ាងខ្លាំង និងបានផ្តល់ថវិកាប្រមាណ៤១០លានអឺរូ សម្រាប់រយ:ពេល៧ឆ្នាំ។ ថវិកានេះបានជួយដល់ជំនួយឥតសំណងផងដែរ ដែលអនុញ្ញាតឱ្យកម្ពុជា នាំទំនិញចេញទៅកាន់តំបន់ អឺរ៉ុបទាំងអស់ លើកលែងតែអាវុធ។
លោក សុខ ឥសាន បានបញ្ជាក់ទៀតថា កម្ពុជាបានទទួលអត្ថប្រយោជន៍ទាំងអស់នេះ ដូចវិស័យផ្សេងៗ ដែលបានឃើញការនាំចេញវិស័យសម្លៀកបំពាក់ ទទួលបានអត្ថប្រយោជន៍ពេញលេញ។ អ្វីៗ ដែលបានជួយកម្ពុជា គឺទាក់ទងនឹងការលើកកម្ពស់ និងជំរុញប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ គោលបំណង នៃការបង្កើតឱ្យមានប្រតិភូសហភាពអឺរ៉ុប ដែលមានរូបលោកជាឯកអគ្គរដ្ឋទូត គឺបញ្ជាក់ថា «យើងមានសម្លេងតែមួយ ក្នុងបណ្តាប្រទេសរបស់សហភាពអឺរ៉ុប។ សហភាពអឺរ៉ុប នឹងបន្តធ្វើការជាមូយរាជរដ្ឋាភិបាលកម្ពុជាដដែល ដូចកន្លងមក ដើម្បីអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាទាំងមូល»។
អ្នកនាំពាក្យរូបនេះ បានប្រាប់ទៅអតីតបក្សប្រឆាំងថា «ចំពោះខ្លឹមសារ នៃជំហររបស់សហភាពអឺរ៉ុបខាងលើនេះ តើពួកឧទ្ទាមក្រៅច្បាប់ និងកាកសំណល់នៃអតីតបក្សប្រឆាំមានអីត្រូវតវ៉ាទៀតទេ? តើបានភ្លឺភ្នែកហើយឬនៅ»?៕