(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា នឹងបានជួបបងប្អូនប្រជាពលរដ្ឋខ្មែរ នៅលើដែនដីសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខនេះ។ ការអះអាងនេះ បានធ្វើឡើងតាមរយៈបណ្តាញសង្គម Facebook របស់សម្តេចតេជោ នៅព្រឹកថ្ងៃសៅរ ទី២២ ខែកញ្ញា ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «រីករាយចុងសប្តាហ៍បងប្អូនជនរួមជាតិ។ មុនពេលចេញទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិនា សប្តាហ៍ក្រោយ ថ្ងៃនេះឆ្លៀតមកហាត់ប្រាណនៅទីលានវាយកូនគោល City golf។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសង្ឃឹមបានជួបបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក នាពេលដ៏ខ្លីខាងមុខ»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក។
ស្របពេលដែលមានដំណឹងអំពីការទៅកាន់ដែនដីសហរដ្ឋអាមេរិកនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនដែលរស់នៅទីនោះ ប្រកាសស្វាគមន៍សម្តេចតេជោ យ៉ាងកក់ក្តៅផងដែរ៕