(​​កំពង់ចាម)៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ជា ជាង ស្នងការរង​ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងសហការី រួមទាំងអធិការ អធិការរង និងមន្ត្រី នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណជូនសព លោកវរសេនីយ៍ត្រី ស៊ា មួយនៅ អត្តលេខ​១៩១៤៦ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកក់ ​ដែលបានទទួលមរណភាព ក្នុងជន្មាយុ៤៩ឆ្នាំ ដោយជំងឺដុះសាច់ក្នុងខួរក្បាល។

លោកវរសេនីយ៍ត្រី ស៊ា មួយនៅ បានទទួលមរណភាព កាលពីវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យ​តាមប្រពៃណីនៅគេហដ្ឋាន នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ជាមួយនឹងការអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី ស៊ា មួយនៅ, លោកឧត្តមសេនីយ៍ត្រី ស្នងការរង និងសហការី បានអុជធូបបួងសួងឧទ្ទិស ទៅដល់វិញ្ញាណក្ខន្ធទាំងអារម្មណ៍ក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ក្នុងការបាត់បង់នូវមន្ត្រីសកម្មម្នាក់ ដែលធ្លាប់បានបម្រើជាតិមាតុភូមិ អស់រយៈពេលច្រើនឆ្នាំកន្លងមក។

ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ជា ជាង បាននាំយកនូវ​ថវិការបស់លោកឧត្តមសេនីយ៍ស្នងការ ចំនួន១,០០០,០០០​រៀល, អង្ករ​០១បេ, ទឹកក្រូច០៣កេះ​, ទឹកសុទ្ធ០៣កេះ, អ្នកស្រី ហេង ចាន់ធី និងស្វាមី ព្រមទាំងបុត្រ ដែលជាអនិជនរស់នៅសហរដ្ឋអាមេរិក ឧបត្ថម្ភក្តាមឈូស១សម្រាប់ ដែលមានតម្លៃ១០០​ដុល្លារ, ការិយាល័យបុគ្គលិក បានឧបត្ថម្ភ​ទឹកក្រូច០២កេះ ទឹកផ្លែឈើ
០២កេះ និងថវិកា៥០​ដុល្លារ, ថវិការបស់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងផែនការងារយុត្តិធម៌ ចំនួន១០០ដុល្លារ, ថវិការបស់លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងផែនការងារសណ្តាប់ធ្នាប់ ចំនួន៥០ដុល្លារ, ថវិការបស់លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការងទទួលផែនការងារអាវុធជាតិផ្ទុះ និងអគ្គីភ័យ ថវិកា៥០,០០០រៀល, ថវិការបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់
ចំនួន៣,៣៣០,០០០រៀល។

ថវិកាទាំងនេះបានប្រគល់ជូនគ្រួសារនៃសព ដើម្បីចាត់​ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
 ​​ក្រុមគ្រួសារសព បានថ្លែងអំណរគុណ​ ដល់លោកឧត្តមសេនីយ៍ស្នងការ និងសហការី ព្រមទាំងសប្បុរជន ដែលតែងតែយក ចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ និងសូមជូនពរជួបតែពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕