(ភ្នំពេញ)៖ ទោះបីជាមានការរិះគន់ និងការបំភ្លៃស្ថានការពីក្រុមប្រឆាំង និងបរទេសមួយចំនួន ដែលគាំទ្រក្រុមប្រឆាំងអំពីការបោះឆ្នោតជាតិ ការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យកម្ពុជាយ៉ាងណាក្តី ប៉ុន្តែកម្ពុជានៅតែបន្តដំណើរទៅមុខ ជាមួយនឹងជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ កន្លងទៅនេះ។
គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងអាសនៈទាំងអស់នៅក្នុងរដ្ឋសភា ហើយបានបង្កើតរាជរដ្ឋាភិបាលថ្មី ដែលបន្តដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្រោមការសាទររបស់ប្រជាពលរដ្ឋ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
រហូតមកដល់ពេលនេះ មានប្រទេសចំនួន២៦ ដែលបានផ្ញើលិខិតអបអរសាទរដល់ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ព្រមទាំងជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី នៅក្នុងអាណត្តិថ្មី ក្នុងនោះក៏មានផងដែរនូវប្រទេសធំៗដូចជា៖ ចិន ជប៉ុន រុស្ស៊ី អាល្លឺងម៉ង និងបារាំងជាដើម។
បណ្តាប្រទេសដែលបានអបអរសាទរដលលើជ័យជម្នះ នៃការបោះឆ្នោតសភាជាតិនីតិកាលទី៦ ដល់គណបក្សប្រជាជនកម្ពុជា និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី នៅក្នុងអាណត្តិថ្មីរួមមាន៖ ចិន, ជប៉ុន, បារាំង, សិង្ហបូរី, ឡាវ, វៀតណាម, សាធារណរដ្ឋស៊ូដង់, ឥណ្ឌា, ហ្វីលីពីន, គុយបា, ថៃ, វេណេស៊ុយឡា, តួកគី, ព្រុយណេ, បេឡារុស, មីយ៉ាន់ម៉ា, សាធារណរដ្ឋកូរ៉េ, អាឡឺម៉ង់, អ៊ុយក្រែន, រុស្ស៉ី, រដ្ឋប៉ាឡេស្ទីន, ម៉ុងហ្គោលី, ម៉ាឡេស៉ី, ហុងគ្រី, អាល់ហ្សេរី និងអេហ្ស៉ីប៕