(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយត្រាស់បង្គាប់លើកលែងទោស ដល់ជនជាតិអូស្រ្តាលី ដែលបង្ហោះត្រូន ប្រមូលព័ត៌មានពីកម្ពុជាដោយខុសច្បាប់។

ព្រះរាជក្រឹត្យដែលចេញដោយសម្តេច សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានលើកលែងទោសឱ្យទណ្ឌិតឈ្មោះ JAMES STANIFORTH RICKETSON ភេទប្រុស អាយុ៦៨ឆ្នាំ សញ្ជាតិអូស្រ្តាលី ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារពីបទចារកម្ម និងប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការពារជាតិ តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៦៥៣ ក្រ៥ "ធ" ចុះថ្ងៃទី៣១-០៨-២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ»

សូមបញ្ជាក់ថា លោក JAMES STANIFORTH RICKETSON ត្រូវបានតុលាការឃុំខ្លួន កាលពីថ្ងៃទី៩ ខែមិថុនា ២០១៧ ក្រោមចោទប្រកាន់ពីបទ «ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការ​ពារ​ជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ តាមមាត្រា៤៤៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា»​។

ការឃុំខ្លួននេះ បានធ្វើឡើងបន្ទាប់ពី បុរសជនជាតិអូស្រ្តាលីខាងលើ បានបង្ហោះដ្រូនពីលើអាកាស កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ហើយត្រូវបានសមត្តកិច្ចនគរបាល ការិយាល័យស៊ើបអង្កេត និងអនុវត្ត​និតិវិធី ផែនអន្តោប្រវេសន៍ ឃាត់ខ្លួន។ ក្រោមការចោទប្រកាន់នេះ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាសទោសជនជាតិអូស្រ្តាលីរូបនេះ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ។

បន្ទាប់ពីមានព្រះរាជក្រឹត្យលើកលែងទោស លោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះដែរ ក៏បានចេញដីកាមួយទៀត បង្គាប់ឱ្យប្រធានពន្ធនាគារព្រៃស ដោះលែងលោក JAMES STANIFORTH RICKETSON ឱ្យមានសេរីភាពផងដែរ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖