(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រោមកិច្ចសហការគាំទ្រជាមួយក្រសួងបរិស្ថាន ក្រសួងសុខាភិបាល សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមភោជនីយដ្ឋានកម្ពុជា បានដាក់ចេញនូវចលនាប្រឡងប្រណាំងភោជនីយដ្ឋានស្អាត អាហារដ្ឋានទេសចរណ៍ស្អាតលើកទី១ ហើយប្រកាសនឹងផ្តល់កូនសៀវភៅយុទ្ធនាការ «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត (Green Passport)» ឱ្យប្រជាពលរដ្ឋគ្រប់រូប ជាមន្ត្រីរាជការ ជាយុវជន កម្មករ កម្មាការនី នយោជិត នយោជក់ និងប្រជាពលរដ្ឋគ្រប់រដ្ឋ ដោយគ្រាន់តែចុះឈ្មោះដោយសេរីស្នើសុំកូនសៀវភៅតាមប្រព័ន្ធអនឡាញតែប៉ុណ្ណោះ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នេះបានឱ្យដឹងទៀតថា ជាងនេះទៅទៀត កូនសៀវភៅ «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត (Green Passport)» អនុញ្ញាតឱ្យម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចចុះហត្ថលេខាលើកូនសៀវភៅនេះ មានន័យថាពួកគាត់បានប្តេជ្ញាអនុវត្តក្រមប្រតិបត្តិ សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត ដោយប្រឆាំងដាច់ខាត ចំពោះការបោះសំរាមដោយគ្មានការទទួលខុសត្រូវក្នុងទីតាំងភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍របស់ខ្លួន។
សេចក្តីប្រកាសនោះ បានបញ្ជាក់ទៀតថា ប្រការនេះក៏ឆ្លុះបញ្ចាំងនូវឆន្ទៈរបស់លោកអ្នក ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលចំនួន៣នៃយុទ្ធនាការ «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» ដូចខាងក្រោម៖
១៖ ចូលរួមកុំឱ្យមានសំរាមក្រដាសនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍
២៖ ចូលរួមបញ្ជ្រាបការយល់ដឹងអំពីក្រមប្រតិបត្តិ សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត
៣៖ ចូលរួមដោះស្រាយបញ្ហាអនាម័យនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍
ដូច្នេះរាល់ការចូលពិសាអាហារតាមភោជនីយដ្ឋាន អាហារដ្ឋានអាចប្រើប្រាស់កូនសៀវភៅក្នុងវាយតម្លៃភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ដែលស្អាត៖
ទី១៖ គ្មានសម្រាមក្រោមតុ និងទី២៖ បង្គន់អនាម័យស្អាត និងអាចស្នើសុំវាយត្រាពីភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍តែម្តង។
ក្រសួងទេសចណ៍សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមចលនាប្រឡងប្រណាំងខាងលើដើម្បីកម្ពុជាស្អាត និងបៃតង។ ព័ត៌មានស្ដីពីការចុះឈ្មោះស្នើសុំកូនសៀវភៅ Green passport ចូលរួមប្រឡងប្រណាំង «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» សូមចូលទៅកាន់តំណ links ដូចខាងក្រោមនេះ៖http://cleanrest.cambodiaecobusiness.org/create_account/create