(សៀមរាប)៖ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ទឹកបឹងទន្លេសាបចំនួន១៦១គ្រួសារ ក្នុងឃុំអន្លង់សំណរ ឃុំជីក្រែង ដែលបានមកស្នាក់ទីទួលសុវត្ថិភាពទំនប់៧៨ និងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ចែកជូនជនរងគ្រោះ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ។
តាមសេចក្តីរាយការណ៍របស់ លោក ពៅ ប៊ុនធឿន ប្រធានអនុសាខា និងជាអភិបាលស្រុកជីក្រែង បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ ដល់ទី១៩កន្លងមកនេះ នៅភូមិសាស្ត្រស្រុកជីក្រែង បានទទួលរងឥទ្ធិពលទឹកភ្លៀង ខ្យល់កន្ទ្រាក់ បាតុភូតផ្គរន្ទះ ព្រមទាំងធ្វើឲ្យមានជំនន់ទឹកភ្លៀងបានលិចផ្ទះសម្បែង និងដំណាំស្រូវរបស់ប្រជាពលរដ្ឋ រួមមានរន្ទះបាញ់រងរបួសកុមារ៣នាក់, លំនៅដ្ឋានលិចទឹកដោយជំនន់ទឹកភ្លៀង និងទឹកបឹងទន្លេសាប មាន៨៤១ខ្នង មានឃុំជីក្រែង, អន្លង់សំណរ, គោកធ្លកលើ, គោកធ្លក្រោម, និងឃុំសង្វើយ ហើយលំនៅដ្ឋានលិចធ្ងន់ធ្ងរ ចំនួន២០៧គ្រួសារ ឃុំសង្វើយ ៤៦គ្រួសារ, ឃុំអន្លង់សំណរ១៣១គ្រួសារ និងឃុំជីក្រែង៣០គ្រួសារ និងលិចស្រូវ ចំនួន៧៣៩ហិកតា ស្មើ៧៣៧គ្រួសារ នៅឃុំជីក្រែង ឃុំគោកធ្លកលើ និងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងទៀតផង។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានលើកឡើងថា អំណោយដែលលោកតា លោកយាយ បងប្អូន ពូមីងទទួលបាននៅពេលនេះ ក្រោមការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចបានយកចិត្តទុកដាក់ខ្ពស់ ចំពោះទុក្ខលំបាក និងជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋ ដោយមិនបានទុកឲ្យជនណាម្នាក់ស្លាប់ដោយឥតអាហារនោះឡើយ។
ម៉្យាងទៀតដោយនៅថ្ងៃខាងមុខនេះ ដែលប្រជាពលរដ្ឋខ្មែរយើង ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ និងទទួលបានសេចក្តីរាយការពីអាជ្ញាធរមូលដ្ឋាន អំពីករណីទឹកជំនន់ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនទើបថ្ងៃនេះ ក្រុមប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកនូវអំណោយមនុស្សធម៌ ចែកជូនដល់បងប្អូន ដោយមិនបានប្រកាន់នូវនិន្នាការនយោបាយណាឡើយ ដើម្បីយកទៅប្រើប្រាស់ ក្នុងពេលបុណ្យភ្ជំបិណ្ឌនេះ នៅពេលដែលបងប្អួនជួបនូវជីវភាពខ្វះខាត សំខាន់ជនចាស់ជរាគ្មានទីពឹង ជនពិការទៀតផង។
លោក ឃឹម ប៊ុនសុង ក៏បានសម្តែងនូវការអាណិតអាសូរចំពោះពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង ព្រមទាំងបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចសម្តេចប្រមុខរាជរដ្ឋាភិបាល តែងតែគិតគូដល់បងប្អូនរងគ្រោះ គ្រប់កាលៈទេសៈ ដោយមិនទុកបងប្អូនណាម្នាក់ស្លាប់ដោយឥតអាហារឡើយ។
ជាមួយគ្នានេះ លោកក៏បានធ្វើការណែនាំ ចំពោះប្រជាពលរដ្ឋគ្រប់រូប សំខាន់បងប្អូនស្ត្រីមានកូនតូច និងមានផ្ទៃពោះត្រូវយកចិត្តទុកដាក់ថែទាំសុខភាពទាំងម្តាយ និងកូន។ ម៉្យាងទៀតពលរដ្ឋទាំងអស់ ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលភូមិដ្ឋានដែលរងការលិចទឹក ចំពោះកូនចៅ កុមារតូចៗ កុំឲ្យចុះលេងទឹក ខ្លាចមានកើតនូវប្រការអាក្រក់ណាមួយ ចំពោះក្រុមគ្រួសារនៅពេលមានទឹកជំនន់នេះ។
លោក ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើ និងណែនាំដល់ប្រជាពលរដ្ឋរងគ្រោះទាំងពីរឃុំ ដែលបានមកបោះតាំងលំនៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព និងត្រូវយកចិត្តទុកដាក់លើការថែទាំសុខភាព ដោយបរិភោគទឹកស្អាត សំខាន់ត្រូវមានការប្រុងប្រយ័ត្ន និងបង្ការឲ្យបានខ្ពស់ចំពោះសត្វអសិរពឹស ព្រមទាំងធ្វើអនាម័យ បរិស្ថាន នៅជុំវិញលំនៅដ្ឋានក្រោយពេលទឹកស្រក។
ក្នុងនោះលោកក៏បានថ្លែងអំណរគុណ ចំពោះអង្គការទស្សនៈពិភពលោក ដែលបានរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ជួយឧបត្ថម្ភនូវសម្ភារមួយចំនួន ដល់បងប្អូនរងគ្រោះផងដែរ។ អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន មានមុង១, ក្រមា និងខោអាវ១កញ្ចប់, ត្រីខ១យួរ, មី១កេស, អង្ករ២៥គីឡូក្រាម, ទឹកសុទ្ធ២យួរ, តង់១ និងថវិកា៥០,០០០រៀល៕