(ភ្នំពេញ)៖ បន្ទាប់ពីមានអ្នករត់ការខ្វែងខ្វាត់អស់ជាច្រើនថ្ងៃរួចមក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ តុលាការបានសម្រេចឱ្យជនត្រូវចោទមានប្រុស-ស្រី៥នាក់ ក្នុងចំណោម១២នាក់ ដែលនគបាលខណ្ឌទួលគោកចាប់បញ្ជូនទៅតុលាការ បានវិលទៅផ្ទះវិញ ក្រោមហេតុផលបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់។
នគរបាលខណ្ឌទួលគោក បានបញ្ជាក់ថា ដោយឡែកជនត្រូវចោទប្រុសស្រីចំនួន៧នាក់ ត្រូវបានលោក ឌុច សុខសារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកា បង្គាប់ឲ្យដាក់ពន្ធនាគាររង់ចាំសេចក្តីសម្រេចក្តីពេលក្រោយ។
នគរបាលខណ្ឌទទួលគោក បានបន្ថែមថា ក្រុមជនត្រូវចោទប្រុសស្រីទាំង១២នាក់ ត្រូវបានលោក សឿ ឡងឌី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ ពាក់ព័ន្ធបទល្មើសបើកបនល្បែងភ្នាល់បាល់អនឡាញ និងល្បែងកន្ទុយលេខ រួចបានបញ្ជូនរឿងទៅលោក ឌុច សុខសារិន ជាចៅក្រមស៊ើបសួរដើម្បីសម្រេចតាមនីតិវិធី។
គួររំលឹកថា កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក និងដោយមានការអនុញ្ញាត ដោយផ្ទាល់មាត់ពីលោក សឿ ឡងឌី បានចុះបង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់បាល់អនឡាញ កត់ឆ្នោតកន្ទុយលេខ ឆ្នោតវៀតណាម នៅចំណុចទីតាំងផ្ទះលេខ៣ ផ្លូវលេខ២៣១ ក្រុម១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងការបង្ក្រាប សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស បានចំនួន១២នាក់ ក្នុងនោះមានស្រី៦នាក់ ដោយមានភ្នាក់ងារស៊ីសងចំនួន៨នាក់ (ប្រុស២នាក់) និងអ្នកលេង៤នាក់ និងដកហូតយកវត្ថុតាងពាក់ព័ន្ធនឹងល្បែងមួយចំនួន។
វត្ថុតាងចាប់យក រួមមានពាក់ព័ន្ធនឹងឆ្នោតកន្ទុយលេខវៀតណាម, ក្រដាសកត់ឆ្នោត២៣សន្លឹក, ត្រាចុះថ្ងៃខែចំនួន៤, ម៉ាស៊ីនគិតលេខ២, ប្រាក់រៀលចំនួន ១៦៦៩០០០ រៀល និងប្រាក់ដុល្លារ ១៥៣ដុល្លារ។
វត្ថុតាងចាប់យកល្បែងភ្នាល់បាល់រួមមាន ម៉ូនីទ័រចំនួន១៥ គ្រឿង, ឃីបតចំនួន១៣ គ្រឿង, ម៉ៅចំនួន១៥ គ្រឿង , ម៉ាស៊ីនព្រីន បុងបាល់ចំនួន០៣គ្រឿង , ម៉ាស៊ីនព្រិនក្រដាសចំនួន១គ្រឿង, ប្រាក់រៀលចំនួន ៧២៥០០រៀល, ម៉ាស៊ីន DVR ផ្ទុករូបភាព១គ្រឿង៕