(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានលើកឡើងថា កម្មវិធីវិនិយោគ៣ឆ្នាំ រំកិលរបស់ខេត្ត គឺដើម្បីធ្វើអាទិភាវូបនីយកម្ម លើគម្រោងអាទិភាពទាំងឡាយ ក្នុងក្របខ័ណ្ឌ នៃផែនការអភិវឌ្ឍន៍ខេត្ត ឲ្យស្ថិតក្នុងកម្រិតមួយ ងាយស្រួលក្នុងការចាត់ចែង អនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ សុខមាលភាពប្រជាពលរដ្ឋក្នុងខេត្ត។
ការថ្លែងបែបនេះ ខណៈដែលលោក រស់ ផារិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យ និងចាត់អាទិភាព គម្រោងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិលឡើងវិញ សម្រាប់ការកសាងកម្មវិធី វិនិយោគ៣ឆ្នាំរំកិល ២០១៩-២០២១ ខេត្តស្វាយរៀង នៅសាលប្រជុំ សាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីលោកស្រីនាយករដ្ឋបាលសាលាខេត្ត-ស្ដីទី លោកប្រធានមន្ទីរផែនការខេត្ត លោក-លោកស្រី អនុប្រធានមន្ទីរ អភិបាលរងក្រុង ស្រុក និងលោក-លោកស្រី ជាសមាជិក សមាជិកា ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន។
លោក រស់ ផារិទ្ធ បានបញ្ជាក់ថា អនុលោមតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធមួយចំនួន តម្រូវឲ្យក្រុមប្រឹក្សាប្រភេទនីមួយៗ ត្រូវមានកម្មវិធី វិយោគ៣ ឆ្នាំរំកិល ហើយ ត្រូវធ្វើបច្ចុប្បន្នភាព ជារៀងរាល់ឆ្នាំ សម្រាប់វិភាគស្ថានភាព ដោយផ្ដោតទៅលើការកំណត់បញ្ហា និងតម្រូវការជាអាទិភាព ដូចដែលក្រុមការងារបានរៀបចំចងក្រង និងលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំ នាពេលនេះ ។
អភិបាលរងខេត្ត រូបនេះ ក៏បានស្នើដល់មន្ទីរ ដែលពុំទាន់បានរៀបចំចាត់អទិភាព គម្រោងអនុវត្តរបស់ខ្លួន ត្រូវរៀបចំឲ្យបានឆាប់ និងផ្ញើជូនមកក្រុមការងារ ដើម្បីចងក្រង ព្រមទាំងត្រូវបន្តចូលរួម សហការក្នុងការអនុវត្តការងារ នៅជំហានបន្ទាប់ឲ្យបានល្អប្រសើរ ធ្វើយ៉ាងណារៀបចំកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត ឲ្យបានទាន់ពេលវេលា តាមប្រតិទិនដែលបានកំណត់ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕