(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធសាស្ត្រអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងកិច្ចប្រជុំលើកដំបូងជាមួយមន្ត្រីជាន់ខ្ពស់របស់ខ្លួនក្រោយការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី លោក ស៊ុន ចាន់ថុល បានក្រើនរំលឹកឲ្យមន្ត្រីប្រឹងប្រែងធ្វើការងារឲ្យកាន់តែសកម្មជាមួយការទទួលខុសត្រូវខ្ពស់ ដើម្បីនាំមកនូវប្រយោជន៍សម្រាប់ក្រសួង និងសង្គមជាតិ។
ក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីសេចក្តីព្រាងផែនការសកម្មភាព ១០០ថ្ងៃរបស់ក្រសួង ដើម្បីបង្កើនសក្តានុពលក្នុងការជួយចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យមានវឌ្ឍនភាពពិតប្រាកដ និងបន្តផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងតម្លាភាពក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឲ្យមានភាពប្រសើរឡើងថែមទៀត។
ក្នុងឱកាសនោះលោក ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់មន្ត្រីក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើការប្រកបដោយជោគជ័យកន្លងមក និងបានសំណូមពរឲ្យបន្តការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈខ្ពស់ ដើម្បីជោគជ័យរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល និងប្រទេសជាតិមាតុភូមិ។ ជាពិសេសត្រូវមានស្មារតីសហការគ្នាល្អ និងរួបរួមសាមគ្គីគ្នាក្រោមដំបូលមហាគ្រួសារក្រសួងសាធារណការ និងដឹក ជញ្ជូនទាំងមូល ឈានទៅសម្រេចគោលដៅរួមដែលជាប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិ៕