(ព្រៃវែង)៖ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី ២០-២១ ខែកញ្ញា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (ហៅកាត់ថា កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ២,១៦៣គ្រួសារ រស់នៅស្រុកព្រះស្តេច ស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែង។
ពិធីនេះរៀបចំឡើងនៅវិទ្យាល័យព្រែកក្របៅ ស្ថិតក្នុងភូមិឧត្តុង្គ ឃុំព្រែកក្របៅ ស្រុកពាមជរ សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ១,៦០០គ្រួសារ ដែលដឹកនាំក្រុមការងារចុះចែកដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា នេះ ដែលរៀបចំឡើងនៅសាលាស្រុកព្រះស្តេច ស្ថិតនៅក្នុងភូមិក្រសាំងទង ឃុំអង្គររាជ ។ សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ៥៦៣គ្រួសារទៀត ដឹកនាំក្រុមការងារចុះចែកដោយ លោក យូ ឡាណា អគ្គលេខាធិការរងទី ២ កាលពីថ្ងៃទី ២០ ខែកញ្ញា ម្សិលម៉ិញនេះ។
ក្នុងពិធីចុះចែកអំណោយមនុស្សធម៌នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសារអំពាវនាវពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារផ្តោតសំខាន់ទៅលើការថែទាំសុខភាព, ការបង្ការជំងឺគ្រុនចាញ់-គ្រុនឈាម និងជំងឺឆ្លងនានា,និងការជៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសងគ្រប់ប្រភេទ ការគិតគូរពីសុវត្ថិភាពចរាចរណ៍, ការបន្តបង្កបង្កើនផល ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ ការរួមគ្នាពង្រឹង និងថែរក្សាសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍនភាពប្រទេសជាតិ ។
ជាមួយគ្នានោះ លោកឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកក្រក ខេត្តព្រៃវែង ជួសមុខឱ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាក ដោយមិនរើសអើងជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ។
សម្រាប់អំណោយដែលបានចែកជូនក្នុងគ្រួសារនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង ១ ក្រមា១ និងអាវយ៉ឺត ១។ ដោយឡែក សាខាកក្រក ខេត្តព្រៃវែង បានឧបត្ថម្ភថវិកាបន្ថែមសម្រាប់ថ្លៃធ្វើដំណើរ ១ម៉ឺនរៀលថែមទៀត។
សូមបញ្ជាក់ជូនថា ចាប់តាំងពីថ្ងៃទី ១៨ ខែកក្កដា ដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា បានធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងខេត្តចំនួន ១៧ បើគិតជាគ្រួសារបានសរុបចំនួន ៣៨,៧២៥គ្រួសារហើយ៕