(ព្រះសីហនុ)៖ លោកវរសេនីយ៍ទោ ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា នាយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ មានអំពើហិង្សាមួយកើតឡើង នៅហាងខារ៉ាអូខេ ក្រោយពេទ្យចំការចេក សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពវ៉ៃជនរងគ្រោះម្នាក់ ហើយរត់គេចខ្លួន។
លោកវរសេនីយ៍ទោ ភុល ភស្តា បានបន្ថែមទៀតថា ភ្លាមៗនោះ កម្លាំងជំនាញបាន អន្តរាគមន៍ ឃាត់ខ្លួនបក្សពួក បានចំនួន៣នាក់៖
១៖ ឈ្មោះ ណយ ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុមទី២៨ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
២៖ ឈ្មោះ ផុន ស៊ីថា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉ក បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុមទី៤៦ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
៣៖ ឈ្មោះ អាង ម៉េង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉ក បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្រុមទី៤៦ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ រីឯជនដៃដល់ម្នាក់ទៀត បានរត់គេចខ្លួន កម្លាំងជំនាញកំពុងស្វែងរក។
ជនរងគ្រោះឈ្មោះ គឿង គុយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់តុកតុក បច្ចុប្បន្នរស់នៅក្រុមទី៨ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសបែកក្បាលចំពីលើ បច្ចុប្បន្នកំពុងចូល ព្យាបាលនៅគ្លីនិកឯកជន (ពេទ្យដើមស្វាយ)។
លោកវរសេនីយ៍ទោភុល ភស្តា អធិការក្រុង បានបញ្ជាក់ថា ពួកគាត់ឈ្លោះគ្នា ដោយសារតែដណ្តើមទីកន្លែង រកស៊ីដឹកម៉ូយ។ ហើយករណីនេះ ត្រូវបានលោកស្នងការ បញ្ជាឲ្យឃាត់ខ្លួកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូង ដើម្បីចាត់ការនីតិវិធី៕