(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារគ្រឿងញៀន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពាក់ព័ន្ធការងារដកពិសោធន៍បង្ក្រាបគ្រឿងញៀន ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២០ ខែកញ្ញាម្សិលមិញរួចមក, ទាំងសមត្ថកិច្ចដែលមានភារកិច្ចបង្ក្រាប និងអាជ្ញាធររាជធានីភ្នំពេញ សុទ្ធតែបានប្តេជ្ញាចិត្តរួមគ្នាថា នឹងប្រឹងប្រែងបង្ក្រាបគ្រឿងញៀនជារួម ឲ្យកាន់តែខ្លាំងក្លាឡើងថែមទៀត ពិសេសនៅតាមក្លឹបកម្សាន្ត និងខារ៉ាអូខេ។
នាយឧត្តមសេនីយ៍បញ្ជាក់ថា «យើងទាំងអស់គ្នាបានប្តេជ្ញាចិត្តរួមគ្នា អនុវត្តន៍តាមផែនការ និងអនុសាសន៍ដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រឆាំងគ្រឿងញៀន រួមជាមួយឯកឧត្តម កែ គឹមយ៉ាន ដែលជាអនុប្រធាន និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដែលជាប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន [...] គឺយើងរួមគ្នាបង្ក្រាបគ្រឿងញៀនជារួមទូទៅ គ្រប់ទីតាំងទាំងអស់ ប៉ុន្តែជាសំខាន់ គឺនៅតាមក្លឹបកម្សាន្ត (ទាំងខ្មែរ និងបរទេស) និងខារ៉ាអូខេ»។
កិច្ចប្រជុំពាក់ព័ន្ធការបង្ក្រាបករណី គ្រឿងញៀន នៅរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ មានការចូលរួមជាអធីបតីភាពពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីអាជ្ញាធរ មានសមត្ថកិច្ចទាំងអស់ ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
បើតាមការអះអាង របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនាម្សិលមិញនេះ ធ្វើឡើងដើម្បីដកបទពិសោធន៍ អំពីប្រតិបត្ដិការបង្ក្រាប គ្រឿងញៀនកន្លងមក ដោយមានបញ្ជាផ្ទាល់ពីសម្ដេចក្រឡោហោម ស ខេង បានឲ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្ដប្រតិបត្ដិការ បង្ការ បង្ក្រាប នៅបណ្ដាខេត្តទាំងអស់ ជាពិសេសចំណុចគោលដៅចំនួន៣ ទី១៖ រាជធានីភ្នំពេញ, ទី២៖ ខេត្តព្រះសីហនុ និងទី៣៖ ខេត្តសៀមរាប។
នៅក្នុងកិច្ចប្រជុំនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងយ៉ាងដូច្នេះថា «ចំពោះការចុះពិនិត្យក្នុងក្លឹប និងកន្លែងកម្សាន្តសប្បាយនានាពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះ បើយើងគិតពីទីតាំងនោះជារបស់នរណានោះ យើងអនុវត្តការងារនេះមិនកើតនោះទេ យើងដាច់ខាតត្រូវតែអនុវត្តការងារនេះឲ្យបានល្អ ហើយបើមាននរណាមករារាំងយើងអនុវត្តតាមច្បាប់»។
បន្ថែមពីនេះ នាយឧត្តមសេនីយម៉ក់ ជីតូ ក៏បានជំរុញឲ្យសមត្ថកិច្ចបន្តអនុវត្តធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព ស្របតាមការដាក់ចេញរបស់រាជរដ្ឋាភិបាល ហើយការអនុវត្តការងារ រហូតឈានដល់ការបង្ក្រាបជាច្រើនករណីកន្លងមកនេះ វាពិតជាបង្ហាញឲ្យឃើញពីការចូលរួមសហការគ្នាយ៉ាងល្អ ចាប់ពីប្រជាពលរដ្ឋ រហូតដល់ព្រះសង្ឃ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀនជាបញ្ហាធំ ដូច្នេះសង្កាត់ និងខណ្ឌទាំង១២ ត្រូវធ្វើការចុះត្រួតពិនិត្យនៅតំបន់ស្មុគស្មាញ និងតំបន់ដែលមិនធ្លាប់ចុះទៅដល់ ហើយបើចូលមិនចុះត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។
របាយការណ៍របស់យុទ្ធនាការបង្ក្រាបគ្រឿងញៀន បានបញ្ជាក់ថា ជាង៨ខែឆ្នាំ២០១៨នេះ (ចាប់ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨) សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនសរុប ៥,៥៧៥ករីណ ឃាត់ខ្លួនមនុស្ស ១១,១៤៦នាក់ និងរឹបអូសគ្រឿងញៀនជិតកន្លះតោន៕