(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ រួមជាមួយអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ និងមេភូមិ ធ្វើការប្តេជ្ញាចិត្តចំពោះមុខប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃវែង ក្នុងការបម្រើសេវារដ្ឋបាលសាធារណៈ ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សៀវភៅស្នាក់នៅ សៀភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ព្រមទាំងសេវារដ្ឋបាលផ្សេងៗទៀត ឲ្យបានល្អប្រសើរទ្វេរដង ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។
ការប្តេជ្ញាចិត្តនេះ របស់ថ្នាក់ដឹកនាំ និងអាជ្ញាធរខណ្ឌដង្កោ ត្រូវបានធ្វើឡើងក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិកំរៀង សង្កាត់ព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
អភិបាលខណ្ឌដង្កោ ក៏បានផ្តាំផ្ញើរការសាកសួរសុខទុក្ខជូនដល់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក និងបញ្ហានានារបស់ពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈររបស់ប្រទេសជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេច។
ក្នុងឱកាសនោះ លោកអភិបាល បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កន្លងមក ដែលនេះបង្ហាញអំពីការស្រលាញ់ គាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី ស្រលាញ់សុខសន្តិភាព និងត្រូវការការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត៕