(កែប)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេសលើការងារអតីតយុទ្ធជន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានធ្វើដំណើរចុះដល់ទឹកដីខេត្តកែបហើយ ដើម្បីថ្លែងអំណរគុណអតីតយុទ្ធជន ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងចែកប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនបងប្អូនអតីតយុទ្ធជនផងដែរ។
នៅចំពោះមុខបងប្អូនអតីតយុទ្ធជនដែលត្រូវទទួលបានប័ណ្ណបេឡាជាតិ របបសន្តិសុខសង្គមនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងពីការនឹករលឹក និងការគិតគូរដល់សុខទុក្ខរបស់អតីតយុទ្ធជនទាំងអស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោក គន់ គីម បានលើកឡើងយ៉ាងដូច្នេះ «ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនឹករលឹកដល់បងប្អូនអតីតយុទ្ធជនរបស់យើង ហើយបានផ្តាំផ្ញើតាមខ្ញុំឲ្យមកសាកសួរសុខទុក្ខដល់បងប្អូនទាំងអស់គ្នា។ បើទោះបីសម្តេចទាំងទ្វេជាប់មមាញឹកជាមួយកិច្ចការរបស់ជាតិយ៉ាងណាក្តី តែសម្តេចមិនដែលភ្លេចបងប្អូននោះឡើយ»។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ព្រោះតែការយកចិត្តទុកដាក់នេះហើយ ទើបសម្តេចតេជោ ហ៊ុន សែន បានឲ្យខាងសមាគមអតីតយុទ្ធជនខិតខំរៀបចំប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ជូនអតីតយុទ្ធជនទាំងអស់ ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយឥតគិតថ្លៃ ដែលជាការរួមចំណែកកាត់បន្ថយនូវការចំណាយរបស់អតីតយុទ្ធជន បានមួយកម្រិតទៀត។
លោក គន់ គីម ក៏បានផ្តាំផ្ញើផងដែរថា បងប្អូនអតីតយុទ្ធជនត្រូវកាន់ប័ណ្ណ និងបង្ហាញប័ណ្ណទៅក្រុមគ្រូពេទ្យរាល់ពេលទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរបស់រដ្ឋ ក៏ដូចជាកន្លែងព្យាបាលមានកិច្ចសហប្រតិបត្តិការ ជាមួយបេឡាជាតិរបបសន្តិសុខសង្គម។ លោកទេសរដ្ឋមន្ត្រី បានផ្តាំទៀតថា ប្រសិនបើពេលទៅរកសេវាក្រុមគ្រូពេទ្យមិនយកចិត្តទុកដាក់ ឬព្រងើយកន្តើយសម្រាប់បងប្អូនអតីតយុទ្ធជន ដែលកាន់ប័ណ្ណ ត្រូវប្រញាប់រាយការណ៍ទៅកាន់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ជិតកន្លែងពួកគេរស់នៅ ដើម្បីដោះស្រាយលើបញ្ហាទាំងនោះ។
បន្ទាប់ពីបានរៀបរាប់ពីសារៈប្រយោជន៍របស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម និងការប្រើប្រាស់ប័ណ្ណនេះទៅ លោក គន់ គីម ក៏បានថ្លែងអំណរគុណដល់អតីតយុទ្ធជនទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនោះ។ លោកទេសរដ្ឋមន្ត្រី បានចាត់ទុកការសម្រេចចិត្តរបស់បងប្អូនអតីតយុទ្ធជននេះ ជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវក្នុងការជ្រើសរើសយកមេដឹកនាំដែលធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ។
លោក គន់ គីម ក៏បានលើកបង្ហាញពីគោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ជាពិសេសការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រឹងប្រែងធ្វើការងារទ្វេដង ដើម្បីនាំមកនូវប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្ដម គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ប្រធានសមាគម ជូនដល់បងប្អូនសមាជិក ស អ ក យើងទាំងអស់គ្នា បន្ទាប់មក ឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់បងប្អូនយើងនៅខេត្តកែប ដែលបានទៅបោះឆ្នោតនឹងមានភាគរយខ្ពស់ជាងគេបើប្រៀបធៀបជាមួយខេត្តផ្សេងទៀត ។
នៅក្នុងឱកាសចុះចែកប័ណ្ណនាព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានសុំឲ្យអភិបាលខេត្តកែប ដោះស្រាយដីជូនអតីតយុទ្ធជន ១៦នាក់ដែលអត់ដីអត់ផ្ទះ ហើយរូបលោក នឹងគោរពស្នើសុំសម្តេចេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនសាងសង់ផ្ទះជូនអតីតយុទ្ធជនពេលពួកគាត់ទទួលបានដី៕