(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា រាជរដ្ឋាភិបាលនឹងប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ និងសម្ពោធជាផ្លូវការនូវវិមានឈ្នះ-ឈ្នះ រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះហើយ។ កម្មវិធីដ៏ធំនេះ នឹងមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់នៃកិច្ចប្រជុំជាមួយក្រុមការងារសាងសង់ និងប្រកាស Countdown នៅវិមានឈ្នះឈ្នះ និងចែកលិខិតបញ្ជាក់ការសិក្សាដល់សិក្ខាកាម រៀនវគ្គមគ្គទេសក៍ វិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្តេចពិជ័យសេនា បានបញ្ជាក់ថា ការប្រារព្ធ ពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះឈ្នះ និងសម្ពោធជាផ្លូវការនូវវិមានឈ្នះឈ្នះនេះ នឹងធ្វើឡើងយ៉ាងអ៊ូរអរបំផុត។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះ៖ «យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលនឹងរៀបចំគណៈកម្មការមួយដើម្បីប្រារព្ធពិធីនេះ យ៉ាងអធិកអធមជាទីបំផុត នៅក្នុងទីនេះគឺយើងរៀបចំឱ្យសមទៅនឹងតម្លៃយើងបានកសាងផង ហើយតម្លៃដែលជាមរតកមួយសំខាន់បំផុត នៅថ្ងៃខាងមុខ អ្នកទាំងអស់គ្នាគឺការចូលរួម ខ្ញុំគ្រាន់តែនិយាយពីរឿងខាងទ័ព គឺចូលរួមយ៉ាងច្រើនផងដែ គឺចំនួនប្រហែលរាប់ជិតមួយម៉ឺននាក់ ចំណែកផែនរបស់ប្រជាជន គឺយើងកំពុងតែបន្តិចទៀតគឺយើងប្រគល់នូវគណៈកម្មការមួយចំនួននឹងចូលរួមច្បាស់ណាស់ប្រជាជន នៅតាមបណ្តាខេត្តពួកនឹងអញ្ជើញចូលរួម»។
រដ្ឋមន្ត្រីការពារជាតិ បានបន្ថែមថា ចាប់ពីថ្ងៃនេះទៅគឺរាប់ថយក្រោយ គឺរយៈពេល១០០ថ្ងៃ ត្រូវតែធ្វើឱ្យរួចរាល់នៅគ្រប់ផ្នែក គ្រប់ជំនាញទាំងអស់ ដើម្បីស្របតាមកាលកំណត់ថ្ងៃប្រារព្ធពិធីដ៏មហាមានអត្ថន័យសម្រាប់ជាតិមាតុភូមិកម្ពុជាផងដែរ។
វិមានឈ្នះឈ្នះ គឺបានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ ដោយទំហំដីប្រាំបីហិកតា ស្ថិតនៅខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ ថវិកាដែលយកមកសាងសង់នូវវិមាននេះ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ វិមាននេះគឺជាសញ្ញានិមិត្តរូបនៃសុខសន្តិភាពកម្ពុជាហើយ គ្រោងនឹងសម្ពោធជាផ្លូវនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ។
សម្តេចពិជ័យសេនាទៀ បាញ់ បានឱ្យដឹងទៀតថា ការសាងសង់នឹងត្រូវរួចរាល់ជាស្ថាពរនៅមុនថ្ងៃទី២៩ ខែធ្នូ ទាំងផ្នែកខាងក្នុងនឹងខាងក្រៅរួមទាំងការដាំដើមឈើផងដែរ។
សូមបញ្ជាក់ថា ការសាងសង់វិមានឈ្នះ-ឈ្នះនេះ គឺដើម្បីរំលឹកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិមិត្តរូបនៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
រូបចម្លាក់សម្រាប់ដាក់តាំងនៅក្នុងវិមាននេះ គឺបានឆ្លាក់រួចរាល់ហើយដែលនៅតាមជញ្ជាំងជាន់ផ្ទាល់ដី ជុំវិញបរិវេណវិមានឈ្នះ-ឈ្នះ ដែលរូបចម្លាក់នេះ ទាក់ទងទៅនឹងប្រវត្តិនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី២០ ខែមិថុនាឆ្នាំ១៩៧៧ របស់សមមិត្ត ហ៊ុន សែន និងសមមិត្តមួយចំនួនទៀត ទៅកាន់ប្រទេសវៀតណាម ដើម្បីសង្គ្រោះជាតិកម្ពុជា។ រួមទាំងរូបចម្លាក់ជាច្រើនទៀត ដែលនឹងកំពុងឆ្លាក់ដាក់នៅលើវិមានឈ្នះឈ្នះដូចជារូបចម្លាក់ហង្ស រូបគ្រុឌ និងរូបដំរីក្បាលបី បន្ទាប់ពីរូបនាគ និងរូបតោ ត្រូវបានដាក់ជាបន្តបន្ទាប់នៅលើវិមានឈ្នះ-ឈ្នះនេះ៕