(ភ្នំពេញ)៖ លោក ឥក ង៉ូយ អគ្គលេខាធិការសមាគមខ្មែរ អាមេរិកាំង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសរសេរលិខិតមួយ ដោយសម្តែងនូវក្តីរីករាយ និងគាំទ្រដល់ទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញទៅកាន់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣។
ក្នុងលិខិតរបស់អគ្គលេខាធិការសមាគមខ្មែរ អាមេរិកាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅពេលនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមយើងខ្ញ្ញុំខ្មែរអាមេរិកាំង ដែលបានច្រកក្រងជា «សមាគមខ្មែរ អាមេរិកាំង» រស់នៅកម្ពុជា រួមជាសហភាព ពាណិជ្ជករ មន្រ្តី អ្នកស្នាក់នៅ និងអ្នកបម្រើក្នុងអង្គការមិនមែនរដ្ឋាភិបាល។ សូមសម្តែងនូវការរីករាយបំផុត និងគាំទ្រនូវទស្សនកិច្ចជាផ្លូវការរដ្ឋ ទៅកាន់អង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ដែលតំណាងឱ្យប្រជាជាតិខ្មែរទាងមូល»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក។
មហាសន្និបាតនេះនឹងប្រព្រឹត្តទៅ ក្រោមមូលបទ «ធ្វើឲ្យអង្គការសហប្រជាជាតិមានសារសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់: ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព»៕
ខាងក្រោមនេះជាលិខិតរបស់ អគ្គលេខាធិការសមាគមខ្មែរ អាមេរិកាំង៖