(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដូនពេញ នៅយប់ថ្ងៃទី២០ ខែកញ្ញា បានបើកប្រតិបត្តិការ ឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី ដោយឃាត់ខ្លួនមនុស្សចំនួន១៨នាក់ ព្រមទាំងដកហូតទូហ្គេមបាញ់ត្រីជាច្រើនគ្រឿង នៅសង្កាត់ស្រះចក សង្កាត់ជ័យជំនះ សង្កាត់ផ្សារកណ្តាលទី១ និងសង្កាត់ផ្សារថ្មី៣។
*ករណីទី១៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីទាំង៣ទីតាំងនៅ នៅត្រង់ចំណុចជិតព្រះវិហារឥស្លាម ស្ថិតក្នុងភូមិ២១ សង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញនេះ គឺកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី បានចំនួនជាច្រើននាក់ និងទូហ្គេមបាញ់ត្រីជាច្រើនគ្រឿងផងដែរ។
លោក ប៊ុន សន្យា បានបន្តទៀតថា ក្រោយពីការតាមដានមុខសញ្ញា និងឃ្លាំមើលអស់យៈពេលជិត៣ខែមកហើយនេះ ទើបសមត្ថកិច្ចជំនាញបានកំណត់ទីតាំង និងមុខសញ្ញាច្បាស់ ហើយឈានដល់ការបើកប្រតិបត្តិការ ឆ្មក់ចូលបង្ក្រាបទីតាំងខាងលើនេះ ព្រមទាំងបានសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលប៉ុស្តិ៍ ចុះបង្ក្រាបតែម្ដង។
ជាក់ស្តែង កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់មនុស្សប្រុសស្រីចំនួន១៨នាក់ និងដកហូតទូហ្គេមបានសរុប ១០គ្រឿង ក្នុងនោះមានទូហ្គេមបាញ់ត្រីចំនួន៥គ្រឿង និងទូហ្គេមបៀរចំនួន៥គ្រឿង។
ក្រោយពីធ្វើការឃាត់ខ្លួនមនុស្សចំនួន១៨នាក់ និងវត្ថុតាងរួចមកកម្លាំងសមត្ថកិច្ចជំនាញ បានបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
*ករណីទី២៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៩៖៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក អ៊ឹម ភា ប្រធានការិយាល័យវប្បធម៌ខណ្ឌ សហការជាមួយសង្កាត់ជ័យជំនះ និងនគរបាលប៉ុស្តិ៍ជ័យជំនះ ចុះត្រួតពិនិត្យទីតាំងអ៉ីនធើណេត២៤ម៉ោងយីហោ VVIP-NER ដែលមានទីតាំងនៅផ្ទះលេខ១០៩E0 ផ្លូវលេ១៩ សង្កាត់ជ័យជំនះ ដែលមានម្ចាស់ទីតាំងឈ្មោះ ស៊ីន ស្រីម៉ុច ភេទស្រី អាយុ២៧ឆ្នាំ។ ក្រោយពីចុះត្រួតពិនិត្យរួចមកឃើញថា ទីតាំងមានកុំព្យូទ័រចំនួន១៥ទូ ជាប្រភេទទូ ដែលមានវេបផ្សាយល្បែងស៊ីសង (AA2888)។ គណៈកម្មការបានបិទអាជីវកម្មខាងលើបណ្តោះអាសន្ន រង់ចាំម្ចាស់ទីតាំងអនុវត្តតាមកាណែនាំទើបឲ្យបើកដំណើរការឡើងវិញ។
*ករណីទី៣៖ ឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ផ្សារកណ្តាលទី១ លោក សុខ ពេញវុធ បានបញ្ជាឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំង ផ្ទះដែលប្រកបអាជីវកម្មល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ស្ថិតនៅផ្ទះលេខ៩៣ ផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាល១ ជាប់សណ្ឋាគារអង្គរ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២:០០នាទី។
ជាលទ្ធផល ក្រោយពីគណៈកម្មការចុះត្រួតពិនិត្យរួចមកឃើញថា ពុំមានទូរហ្គេមបាញ់ត្រីនោះទេ គឺមានតែប្រភេទូកុំព្យូទ័រ (NET-24H 5555)។ ដោយទីតាំងខាងលើពុំមានលិខិត្តអនុញ្ញាត្រឹមត្រូវ គណៈកម្មកាក៏បានសំរេចបិទអាជីវកម្មនេះទាំងស្រុង ដោយមិនអនុញ្ញាឲ្យប្រកបអាជីវកម្មអ៊ីធើណេតទៀតឡើយ។
*ករណីទី៤៖ ដោយមានការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដោយទទួលបានបណ្តឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៤:៣០នាទីរសៀល លោក សុខ ពេញវុធ បានបញ្ជាឲ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានចុះបង្ក្រាប់ទីតាំងល្បែងបាញ់ត្រីខុសច្បាប់ចំនួន០៣ទីតាំង ស្ថិតនៅផ្លូវលេខ១៧៤ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ និងនៅក្នុងផ្សារតូចផ្លាហ្សា (០២ទីតាំង)។
ក្រោយចុះត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា មានទូហ្គេមបាញ់ត្រីចំនួន០៩ទូ, ទូខូចៗចំនួន០៣ទូ។ បន្ទាប់ពីធ្វើកំណត់ដក់ហូតរួចមក គណៈបញ្ជាការឯកភាពខណ្ឌ បានដកហូតនូវទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន០៩ទូ យកមករក្សាទុកនៅ សាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្ត៕