(ភ្នំពេញ)៖ FasTracKids ដែលជាកម្មវិធីសិក្សាដ៏ល្បីល្បាញ មានដើមកំណើតមកពី សហរដ្ឋអាមេរិក តំណាងឲ្យ លោកស្រី ផនសារីន មេធី វាឆារាណន នាយកប្រតិបត្តិ FasTracKids Thailand និង លោក លឹម ឡោកចនសុន នាយកប្រតិបត្តិ LVLs Media និងជាដៃគូរសហការកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ជាមួយសាលា ព្រីនស៍តុន របស់កម្ពុជា ដែលតំណាងឲ្យ លោកស្រី ឌិត នីតា (Dith Nita) board of director of Princeton, Kate Cheng (board of director of Princeton), Sean Ngu ( chairman of Princeton) នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ដើម្បីពង្រឹងការអប់រំ ឲ្យមានកម្រិតស្ដង់ដារអន្តរជាតិ ដល់កុមារក្នុងប្រទេសកម្ពុជា។
លោក លឹម ឡោកចនសុន អគ្គនាយករបស់ LVLs Media និងជាដៃគូសហការនាំយក FasTracKids បានសម្ដែងក្ដីសោមនស្សរីករាយ ជាពន់ពេក ដែលបានចូលរួមចំណែក នាំយកកម្មវិធីសិក្សាដ៏ល្បីល្បាញ នេះមកទីផ្សាកម្ពុជា។ លោកមានជំនឿយ៉ាងមុតមាំថា ការសហការរវាងសាលា ព្រីនស៍តុន និង FasTracKids នឹងផ្លាស់ប្តូររបៀបនៃការបង្រៀននៅកម្ពុជា ឲ្យកាន់តែប្រសើរជាងមុន ដោយស្របតាមកម្មវិធីសិក្សាដ៏ល្បីល្បាញ របស់សហរដ្ឋអាមេរិក។ នេះជាឱកាសដ៏ល្អប្រសើរ សំរាប់ក្មេងៗតូចៗបានទទួលយកការបង្រៀនថ្មីប្លែក និងមានប្រសិទ្ធិភាព យ៉ាងពិតប្រាកដ។
តាមរយៈការមើលឃើញ ពីសក្ដានុពលរវាងគ្នា និងគ្នារួមទាំងមានចក្ខុវិស័យប្រហាក់ប្រហែល បានធ្វើឲ្យ FasTracKids និងសាលា Princeton សម្រេចចិត្តចុះហត្ថលេខា លើអនុស្សារណៈយោគយល់ ស្ដីពីការសហការនាំយកកម្មវិធីសិក្សា FasTraKids រួមបញ្ចូលនឹងកម្មវិធីសិក្សា យ៉ាងមានស្តង់ដាររបស់សាលា ព្រីនស៍តុន។ ការសហការនេះ នឹងចូលរួមចំនែកយ៉ាងសកម្ម ក្នុងការជួយលើកកំពស់វិស័យអប់រំ នៅកម្ពុជាថែមមួយកំរិតទៀត
FasTracKids ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៨ ពីសហរដ្ឋអាមេរិក។ ដោយផ្តោតលើយុទ្ធសាស្រ្តបង្រៀន ដោយប្រើពហុញ្ញាណ (ស្តាប់ មើល និងប៉ះ) FasTracKids បានរីកសាខារហូតដល់ ៥០ ប្រទេសហើយបានក្លាយជាសាលាមួយ ដែលផ្តល់សិទ្ធិបង្រៀនលឿនបំផុត នៅលើពិភពលោក។ បច្ចុប្បន្ននេះ កម្ពុជាក៏ជាប្រទេសមួយក្នុងចំណោម ប្រទេសទាំង ៥០ នោះដែរ។ FasTracKids បានផ្តល់កម្មវិធីបង្រៀនពិសេសៗ ដល់កុមារដើម្បីបង្កើតជំនាញយល់ដឹង ជំនាញផ្លូវអារម្មណ៍ និងជំនាញសង្គមដោយការបន្សាំ តាមធម្មជាតិនៃការសិក្សារបស់កុមារ ដោយប្រើញ្ញាណរបស់ពួកគេ និងការលើកទឹកចិត្តក្នុងបរិយាកាសសិក្សារីករាយ។
សាលា PRINCETON ជាសាលាមត្តេយ្យស្តង់ដារអន្តរជាតិ សំរាប់ «អ្នករុករកតូចៗ ដែលមានក្ដីស្រមៃធំ»។ សាលា ព្រីនស៍តុនផ្ដល់ជូនបរិយាកាស សិក្សាបែបចំរុះ ដែលជំរុញដល់ការលូតលាស់ និង លើកកម្ពស់វប្បធម៌នៃការចែករំលែក និងការរៀនសូត្រឥតដែនកំណត់។ គោលដៅរបស់សាលា ព្រីនស៍តុន គឺផ្ដល់ជូនសិស្សនូវចំណេះដឹង យ៉ាងពិតប្រាកដសំរាប់ថ្ងៃអនាគត របស់ពួកគេ។
គួររំឭកផងដែរថា កម្មវិធីសិក្សា FasTracKids បានបង្ហាញវត្តមានរបស់ខ្លួនដំបូងបំផុត នៅប្រទេសកម្ពុជា កាលពីថ្ងៃ ១២ ខែ កក្កដា កន្លងមក នៅ The Great Duke.
ដោយសារតែជាកម្មវិធី ដែលមានលក្ខណៈពីសេសប្លែកពីគេ បានធ្វើឲ្យ FasTracKids ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់សាលារៀនផ្សេងៗ និងមាតាបិតាសិស្សផ្ទាល់តែម្ដង៕